(ភ្នំពេញ)៖ ក្រុមកម្មករនិងបុគ្គលិករោងចក្រ «ជុងហ្វៃ នីតវៀរអេហ្វធីវ៉ាយ» ប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខសិប្បកម្ម នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។ក្រោយពីមានការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃដដែលនោះ កម្មករកម្មការិនី បានយល់ព្រម រំសាយមកឈរនៅខាងមុខសិប្បកម្ម ប៉ុន្តែនៅតែបន្តលើកបាដាដដែល។
បដាដែលកម្មករទាំងនោះ យកមកតវ៉ាបិទផ្លូវ រួមមានបដាតូចធំចំនួន ១៦ផ្ទាំង ក្នុងនោះមានបាដាតូចចំនួន១៥ផ្ទាំង និងបាដាធំចំនួន១ផ្ទាំង។ សិប្បកម្មតំបាញ ជុងហ្វៃ ដែលមានទីតាំងស្ថិតដីឡូ៨០៨ ផ្លូវជាតិលេខ២ ក្រុមទី ២៤ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ម្សិលមិញកម្មករ-កម្មការិនីរាប់រយនាក់ របស់រោងចក្រផលិតសម្លៀកបំពាក់ ជុងហ្វៃ នីតវៀរអេហ្វធីវ៉ាយ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រ បិទផ្លូវជាតិលេខ២ ដើម្បីទាមទារឲ្យរោងចក្រ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយទូទាត់ប្រាក់ពួកគេ។
កម្មករ-កម្មការិនីទាំងនោះ បាននាំគ្នាស្រែកតវ៉ា និងលើកបដាផងដែរ។ នៅលើបដាបានសរសេរថា «សូមឲ្យថៅកែដោះស្រាយ តាមផ្លូវច្បាប់ ស្តីពីការងារ ១-ទូទាត់ប្រាក់ជូនដំណឹង, ២-ទូទាត់ប្រាក់បណ្តេញចេញ, ៣-ទូទាត់ប្រាក់សោហ៊ុយជំងឺចិត្ត, ៤-ប្រាក់បំណាច់ឆ្នាំ, ៥-ប្រាក់ខែចុងក្រោយ, ៦-សងប្រាក់ ៥០ភាគរយដល់កម្មករ ៤៣នាក់ ដែលបានព្រមព្រៀងជាមួយក្រុមប្រឹក្សា អាជ្ញាកណ្តាល»។
សូមជម្រាបថា ពាក់ព័ន្ធបញ្ហានៅរោងចក្រខាងលើនេះ ក្រសួងការងារបានសម្រេចដាក់លក់ឡៃឡុង សម្ភារៈក្នុងរោងចក្រនេះដើម្បីបើក ប្រាក់ឲ្យកម្មករ ប៉ុន្តែកម្មករមិនព្រមនោះទេ ដោយសារពួកគាត់ យល់ថា ប្រាក់ដែលលក់ឡៃឡុងនោះ មិនអាចសងពួកគាត់គ្រប់ឡើយ៕