(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសយើងបានកាន់តែរីកចម្រើន តាមរយៈការធ្វើឲ្យប្រជាពលរដ្ឋយើងមានភាពរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់យើង, ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញ គឺជាការបង្កើតនូវបរិស្ថានចាំបាច់ដែលអាចឲ្យយើងអនុវត្តជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្របញ្ចកោណកន្លងទៅ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់យើងត្រូវបានកាត់បន្ថយពីជាង ៥០% នៅឆ្នាំ១៩៩៧ ចុះមកដល់១៧% នៅឆ្នាំនេះ ដែលកើនបន្តិចហើយ ខណៈដែលពីមុនមានជំងឺកូវីដ១៩ អត្រានៃភាពក្រីក្ររបស់ពលរដ្ឋមានទាបជាងនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ៧% តាំងពីពេលដែលយើងបានសន្តិភាពរហូតទៅដល់កូវីដ១៩ ដែលនោះមានន័យថា ជីវភាពប្រជាជនយើងបានរីកចម្រើន អ្នកដែលធ្លាប់នៅក្រោមបន្ទាត់ភាពក្រីក្រ បានក្លាយទៅជាអ្នកដែលមានជីវភាពមធ្យម និងអ្នកដែលមានជីវភាពមធ្យម ភាគច្រើនបានក្លាយទៅជាអ្នកដែលមានជីវភាពខ្ពស់ នៅក្នុងរយៈពេល ២០ឆ្នាំក្រោយពីបញ្ចប់សង្គ្រាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជាការសោកស្ដាយណាស់ដែលកូវីដ១៩ បានឈានមកដល់ ហើយបើសិនជាគ្មានវិបត្តិជំងឺកូវីដ១៩ នោះទេជីវភាពរស់នៅរបស់ប្រជាជនកាន់តែកើនឡើង, ប៉ុន្តែយើងនិយាយនេះមិនមានបានន័យថាយើងអង្គុយយំ កើតទុក្ខនឹងអ្វីដែលកើតមាននោះទេ យើងត្រូវទទួលស្គាល់ការពិត ហើយយើងត្រូវធ្វើយ៉ាងណាដើម្បីជួយបន្តនូវនិរន្តភាព និងចិរភាពនៃការអភិវឌ្ឍបន្តទៀត ព្រោះធម្មតាការឡើងចុះនៃសេដ្ឋកិច្ចជាតិ ការឡើងចុះនៃប្រទេសជាតិគឺជាការធម្មតា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើមិនមានវិបត្តិកូវីដ១៩ ក៏អាចមានវិបត្តិអតិផរណាពិភពលោក ឬមួយក៏កត្តាណាមួយដែលយើងតែងតែមាន ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដែលវិបត្តិផ្ទួនៗ ពីកូវីដ១៩ ក៏ដូចជាវិបត្តិអតិផរណា និងសង្គ្រាមផ្សេងៗនៅតំបន់ផ្សេងៗ ដែលកំពុងកើតមានក៏ជះឥទ្ធិពលដល់កម្ពុជា ហេតុដូច្នេះហើយទាមទារឲ្យកម្ពុជាយើងត្រូវដៃម្ខាងដោះស្រាយបញ្ហាចំពោះមុខ ដៃម្ខាងកសាងពង្រឹងមូលដ្ឋានសម្រាប់អនាគតវែងឆ្ងាយរបស់ប្រទេសជាតិ, បើយើងនិយាយពីបញ្ហាចំពោះមុខគឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍កុំឲ្យវាអាក្រក់បំផុតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយបើនិយាយអំពីជីវភាពរស់នៅរបស់ប្រជាជនត្រូវធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋយើងលំបាក ជាពិសេសបញ្ហាជីវភាព៕