(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយដែលមានសេដ្ឋកិច្ចប្រកបដោយចីរភាព គឺត្រូវបង្កើតវប្បធម៌ឱ្យប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួន​ឯងបាន ប៉ុន្តែក៏ត្រូវទទួលស្គាល់ថាប្រទេសមួយ ក៏មានប្រជាពលរដ្ឋ​អសមត្ថភាពក្នុងការចិញ្ចឹមខ្លួនឯង ដែលទាមទារឱ្យរាជរដ្ឋាភិបាលដាក់ចេញ​​នូវ​គោលនយោបាយនានាជួយដល់ពួកគេផងដែរ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចបានគូសបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយគាំពារសង្គម គឺមិនមែនជាការបង្កើតវប្បធម៌ផ្តល់តែត្រីឱ្យប្រជាពលជននោះ ប៉ុន្តែរដ្ឋក៏បានវិនិយោគ​ទៅលើវិស័យផ្សេងៗជាច្រើន ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន ពោលគឺនៅពេលដែលប្រជាពលរដ្ឋមានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន នោះពួកគេនឹងមានលទ្ធភាពចិញ្ចឹមរដ្ឋ ហើយរដ្ឋបង្វិលយកមកជួយអ្នកដែលគ្មានលទ្ធភាពរកត្រីចិញ្ចឹមខ្លួនឯងវិញ ដើម្បីរីកចម្រើនទាំងអស់គ្នា។

សម្តេចបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «​សំណួរគាត់ចោទមកជាមួយសមិទ្ធកម្មដែលយើងត្រូវទទួលស្គាល់ថា កម្ពុជាដើរគោលនយោបាយគាំពារសង្គមយើងទៅបែបណា? បើខ្ញុំប្រាប់គាត់ទៅវិញថា ពិតថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនីមួយៗ គឺត្រូវបង្កើតវប្បធម៌ និងត្រូវបង្កើតលក្ខណៈសម្បត្តិឱ្យប្រជាជនអាចមានសមត្ថភាពរស់ខ្លួនឯងបាន ចិញ្ចឹមខ្លួនឯងបានទើបចិញ្ចឹមរដ្ឋបាន មិនអាចរដ្ឋចិញ្ចឹមនោះទេ ហើយសេដ្ឋកិច្ចរបស់យើងសេដ្ឋកិច្ចទីផ្សារសេរី យើងចង់ធ្វើយ៉ាងណាឱ្យប្រជាជន ឱ្យមានលទ្ធភាពរកត្រី បានខ្លួនឯង ប៉ុន្តែយើងត្រូវទទួលស្គាល់ផង ថារាល់ពេលទាំងអស់នៅក្នុងប្រទេសយើងតែងមានអ្នកដែលមិនអាចរកត្រីបានហើយ»

សម្តេចបាន​ពន្យល់បន្ថែមថា អ្នកដែលមិនមានលទ្ធភាពរកត្រីបានដោយខ្លួនឯងនោះ ដោយសារតែពួកគាត់កើតមក​មានបញ្ហាសុខភាព បញ្ហាកាយសម្បទា ​ពលរដ្ឋ​ចាស់ជរា កុមារកំព្រា និងជនពិការមួយចំនួន ដែលរដ្ឋត្រូវទទួលស្គាល់ និងត្រូវទទួលបន្ទុកចិញ្ចឹមប្រជាពលរដ្ឋមួយផ្នែកនេះ។

សម្តេចធិបតីមានប្រសាសន៍បន្តថា ​​ជាមួយគ្នានេះ រដ្ឋាភិបាលក៏ត្រូវទទួលស្គាល់ផងដែរ ប្រជាពលរដ្ឋមួយចំនួន ដែលមានលទ្ធភាពរកត្រីចិញ្ចឹមខ្លួនបាននោះ ពេលខ្លះពួកគាត់ក៏ជួបបញ្ហានានា ​ក្នុងរយៈពេលខ្លីណាមួយ ដែលរដ្ឋត្រូវទទួលខុសត្រូវស្រង់ពួកគាត់មកវិញ​ ដើម្បីឱ្យពួកគាត់អាចសម្រាក ប៉ូវកម្លាំង​ ហើយបន្តលទ្ធភាពទៅរកត្រីចិញ្ចឹមខ្លួនបានដូចមុន។ ជាក់ស្តែងអំឡុងពេលនៃការរីករាលដាកជំងឺកូវីដ១៩ ប្រជាពលរដ្ឋ​កម្ពុជាជាច្រើន ដែលរងផលប៉ះពាល់។ ​ហេតុនេះហើយទើបរាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីឱ្យពួកគាត់មានម្ចាស់ការលើខ្លួនឯងឡើងវិញ។​ ​យ៉ាងនេះក្តី តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនមែនមានតែកម្មវិធីគាំពារសង្គម និងកម្មវិធីមនុស្សធម៌ទេ ​ដោយរដ្ឋបានវិនិយោគច្រើនណាស់ ទៅលើវិស័យអប់រំ សុខាភិបាល ដើម្បីកសាងមូលធនមនុស្ស ជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាមានសមត្ថភាព សុខភាពល្អតាំងពីក្មេង ដែលសូម្បីតែកម្មវិធីជំនួយសង្គមនេះ ក៏ផ្តោតទៅលើស្រ្តីមានផ្ទៃពោះ កុមារក្រោមពីរឆ្នាំផងដែរ។

ជាមួយគ្នានេះ រដ្ឋក៏បានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនី រុញទៅតាមតំបន់នានា ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពបង្កើតរបរផ្សេងៗ សម្រាប់ចិញ្ចឹមខ្លួនឯងបាន។

សម្តេចធិបតីមានគូសបញ្ជាក់ទៀតថា «ច្រើនណាស់ដែលរាជរដ្ឋាភិបាលបានជួយ ដែលនោះហើយគឺជាគោលនយោបាយនៅក្នុងការជួយផ្តល់ត្រីឱ្យប្រជាជន ព្រោះមានតែលទ្ធភាពនេះទេ ទើបរដ្ឋអាចមានលទ្ធភាពបង្វិលថវិកាពីអ្នកដែលមានលទ្ធភាពរកត្រីខ្លួនឯង មានភាពរឹងមាំហើយ សល់ត្រីហើយ អាចមកជួយដល់អ្នកដែលមិនមានលទ្ធភាពរកត្រីបាន​ ហើយបើរដ្ឋទៅរកត្រីខ្លួនឯង បង្កើតខ្លួនឯង ទៅរកត្រីចែកគ្នា ត្រីហ្នឹងបានតិចៗណាស់ ហើយមិនអាចរឹងមាំបាននោះទេ»