(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺមានច្រើនណាស់ក្នុងរយ​:ពេលប៉ុន្មានឆ្នាំនេះ ក្នុងនោះគ្រាន់តែការផ្ដល់សេវាថែទាំសុខភាពតាមរយៈបណ្ណសមធម៌ និងបណ្ណ ប.ស.ស. អ្នកដែលបានផល់មានជាង៦លាន៥សែននាក់ ចំណាយថវិកាប្រហែល១០០លានដុល្លារក្នុងមួយឆ្នាំ។

កាតថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ​ ឆ្នាំ២០២៤។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «គោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល គឺមានច្រើនណាស់ក្នុងរយ​:ពេលប៉ុន្មានឆ្នាំនេះ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីធានានូវការដោះស្រាយបញ្ហាចំពោះមុខ និងបញ្ហាសេដ្ឋកិច្ចជាតិ ក្នុងនោះគ្រាន់តែការផ្ដល់សេវាថែទាំសុខភាពតាមរយៈបណ្ណសមធម៌ និងបណ្ណ ប.ស.ស. អ្នកដែលបានផល់មានជាង៦លាន៥សែននាក់ ចំណាយថវិកាប្រហែល១០០លានដុល្លារក្នុងមួយឆ្នាំ»

សម្ដេចធិបតីបានបន្តថា ចំពោះហានិភ័យដែលប្រឈមតាំងពីជំនាន់កូវីដ១៩នោះ មានកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា និងគ្រោះទឹកជំនន់ ប្រជាពលរដ្ឋដែលទទួលបានផលមាន៤លាន៩សែននាក់ ហើយប្រើប្រាស់ថវិកាជិត១៤០០លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គមប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានវិនិយោគច្រើនណាស់ទៅលើការអប់រំ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគ្គិសនីជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ប្រទេសមួយមានសេដ្ឋកិច្ចប្រកបដោយចីរភាព គឺបង្កើតវប្បធម៌ប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯង។ ប៉ុន្តែប្រទេសមួយ ក៏មានប្រជាពលរដ្ឋជួបអសមត្ថភាពក្នុងការចិញ្ចឹមខ្លួនឯង ដែលទាមទារឱ្យរាជរដ្ឋាភិបាលដាក់ចេញកិច្ចអន្តរាគមន៍៕