(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និង ប្រទេសឥណ្ឌា បានចុះកិច្ចព្រមព្រៀងមួយរួមគ្នា ក្នុងការប្រើប្រាស់ មូលដ្ឋានទ័ពជើងគោក និង ជើងទឹកទៅវិញទៅមក ដើម្បីធ្វើការជួសជុល ព្រមទាំងផ្គត់ផ្គង់សម្ភារៈយោធា ក្នុងករណីចំាបាច់ ដែលជាការបោះជំហាន លើការកសាងទំនាក់ទំនងការពារជាតិ កម្រិតថ្មីមួយទៀត ដើម្បី ទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងឥតឈប់ឈរ លើដែនសមុទ្រ របស់ប្រទេសចិន។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦។
កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចាត់ទុកជារឿងធម្មតាមួយ សម្រាប់វិស័យយោធា បន្ទាប់ពីបានសម្លឹងមើល ឃើញនូវការពង្រីកវិសាលភាព របស់មហាអំណាចនានានៅអាស៊ី ហើយប្រទេសឥណ្ឌា ត្រូវបានចាត់ទុកជា ដៃគូដ៏សំខាន់មួយសម្រាប់អាមេរិក ទាំងផ្នែកនយោបាយ និង វិស័យការពារប្រទេស។ លោក Ash Carter រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងនៅក្នុងជំនួប ជាមួយសមភាគី ឥណ្ឌាលោក Manohar Parrikar ថា «ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការរួមនេះ នឹងបង្កើនប្រសិទ្ធភាពបន្ថែមទៀត រវាងប្រទេសទាំងពីរ»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីនេះនឹងអនុញ្ញាតឲ្យ យោធាជើងទឹកសហរដ្ឋអាមេរិក និង ប្រទេសឥណ្ឌា មានឱកាសកាន់តែ ងាយស្រួលបន្ថែមទៀត ក្នុងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងការធ្វើសមយុទ្ធ ដើម្បីបង្កើនសមត្ថភាពក្នុងការផ្តល់ ជំនួយមនុស្សធម៌ជាដើម។ ទីក្រុងវ៉ាស៊ីនតោនក៏បានបង្ហាញចេញ នូវចេតនាចង់បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយឥណ្ឌា ឲ្យកាន់តែជ្រាលជ្រៅជាងនេះ ផងដែរ ជាពិសេសការផ្លាស់ប្តូរព័ត៌មាន ពាក់ព័ន្ធនឹងវិស័យការពារប្រទេស ទៅវិញទៅមក៕