(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក កំពុងរងគ្រោះពីវិបត្តិនានារបស់ពិភពលោក ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយឈានទៅសម្រេចចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបaការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជា ក៏ដូចជាប្រទេសនានានៅលើពិភពលោកបាននឹងកំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្ត្រនយោបាយ ការប្រជែងឥទ្ធិពលរបស់មហាអំណាច សង្គ្រាម ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង និងបញ្ហាផ្សេងៗទៀតជាច្រើន បច្ច័យទាំងនេះព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះដូចជាការសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាជរាភាព ពិការភាព ព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់ និងជាក្តីកង្វល់ដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ និងដោះស្រាយដើម្បីលើកស្ទួយជីវភាព និងសុខមាលភាពរបស់ប្រជាជនដំដៅសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»

ជាមួយនឹងចក្ខុវិស័យដែលជាក្តីស្រម៉ៃរបស់ប្រជាជនកម្ពុជាគ្រប់រូប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តអនុវត្តន៍ប្រព័ន្ធគាំពារសង្គម នៅកម្ពុជាឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតីមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់។ តាមរយៈការផ្តល់កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល លើគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់សង្គ្រាមស៉ីវិល ទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ គឺជារបង្កើតនូវបរិស្ថានចាំបាច់ដែលអាចឱ្យកម្ពុជាអនុវត្តន៍ជោគជ័យនូវយុទ្ធសាស្ត្រីត្រីកោណ យុទ្ធសាស្ត្របញ្ចកោណ កន្លងទៅ។ ភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានកាត់បន្ថយជាង ៥០ភាគរយនៅឆ្នាំ១៩៩៧ ចុះមកដល់ ១៧ភាគរយ នៅឆ្នាំ២០២៤៕