Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំបូកចម្លែកដុះផុសលើទឹកត្រពាំង ប្រជាពលរដ្ឋនាំគ្នាផ្អើលទៅមើល និងបួងសួងសុំសេចក្ដីសុខ

30-08-2016 09:28

(កំពង់ធំ)៖ ប្រជាពលរដ្ឋជាច្រើន បានផ្អើលឆោឡោ ភ្លុកទឹកភ្លុកដី នាំគ្នាទៅមើលដីដំបូកចម្លែក ដុះផុសលើទឹកត្រពាំងប្រមាណ១ ម៉ែត្រ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងបន្ទាប់ពី ប្រជាពលរដ្ឋនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឃើញដំបូកផុសកណ្តាលត្រពាំង ដែលមានទឹកជម្រៅ៣ម៉ែត ហើយប្រជាពលរដ្ឋភាគច្រើនយល់ថា ជាប្រាសាទសក្តិសិទ្ធមានបារមី អាចជួយឱ្យប្រជាពលរដ្ឋសុំសេចក្ដីសុខសប្បាយបាន។

ទឹកត្រពាំងខាងលើ មានទីតាំងស្ថិតនៅក្រោយភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ភាពភ្ញាក់ផ្អើលដែលប្រជាពលរដ្ឋយល់ថា ជាវត្ថុស័ក្តិសិទ្ធិនេះ បានកើតឡើងអស់រយៈពេល ២ទៅ៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃ២៦ ខែសីហានេះ។ បច្ចុប្បន្ន អ្នកភូមិ និងប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយ បានរៀបចំអស្សនៈ អុចទៀនធូប រៀបចំយ៉ាងស្អាតនៅកណ្តាលត្រពាំង។

លោក ផម សន អាយុ៦៥ឆ្នាំ រស់នៅភូមិក្រយា បានរៀបរាប់ថា កាលពីពេលកន្លងទៅ គេមិនដែលឃើញដំបូកដុះកណ្តាលត្រពាំងនេះទេ ទើបតែប៉ុន្មានថ្ងៃនេះ គេបានឃើញដីដំបូកផុសកណ្តាលត្រពាំង ក៏នាំគ្នារត់ទៅមើល អ្នកខ្លះយល់ថា ដីដំបូកផុសកណ្តាលត្រពាំងនេះ ហាក់ដូចជារូបនាគរាជមានបុណ្យបារមី អ្នកខ្លះទៀតថា ដំបូកនេះដុះមកធម្មតាមិនមានអ្វីសំខាន់ទេ។

តាមធម្មតាដីដំបូកតែងតែដុះនៅកន្លែងទីទួល ឬព្រៃរបោះៗ តែនេះដំបូកដុះក្នុងទឹកផុត ពីទឹកប្រមាណ១ម៉ែត្រ ជារឿងចំឡែក ធ្វើឱ្យប្រជាពលរដ្ឋទាំងទីជិតទីឆ្ងាយ មកមើលហើយអុចទៀនធូប បួងសួងសុំសេចក្តីសុខ។ បច្ចុប្បន្នមនុស្សមនាទៅបួងសួង និងចូលបច្ច័យជាហូរហែ៕