(ព្រះវិហារ)៖ អគារផ្តល់ឈាម១កន្លែងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លុវការ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង និងបុគ្គលិកសុខាភិបាលជាច្រើនរូបទៀត។

លោក គីម រិទ្ធី បានថ្លែងលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយគួរជាទីមោទនៈរបស់ប្រជាជនខេត្តព្រះវិហារទាំងមូល ដែលក្នុងមន្ទីរពេទ្យ បានកសាងអគារផ្តល់ឈាមមួយក្នុងចំណោមសមិទ្ធផលថ្មីជាច្រើន ហើយអាគារផ្តល់ឈាមនេះ សម្រាប់រក្សាទុកឈាមឲ្យបានល្អ ប្រកបដោយគុណភាព សុវត្ថិភាព ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលត្រូវការឈាមសម្រាប់សង្គ្រោះបន្ទាន់។

លោកអភិបាលខេត្តព្រះវិហារថ្លែងទៀតថា «អាគារផ្តល់ឈាមនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឈាមនិងរក្សាឈាមដែលយើងទទួលបានពីគ្រប់មជ្ឈដ្ឋាន ដែលបានផ្តល់ឈាមជូនដល់មន្ទីរពេទ្យខេត្តរបស់យើងពីសំណាក់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ សម្រាប់យកទៅផ្គត់ផ្គង់ដល់បងប្អូន ដែលគាត់មានតម្រូវការឈាម»។

សូមបញ្ជាក់ថា អគារផ្តល់ឈាមដែលកំពុងបញ្ចុះបឋមសិលាសាងសង់នៅពេលនេះ មាន ទំហំ១៦ម៉ែត្រX៨ម៉ែត្រ ប្រក់ក្បឿង កម្ពស់១ជាន់តាមការគ្រោងទុក នឹងត្រូវបញ្ចប់ការសាងសង់រួចរាល់នៅដើមខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមការឧបត្ថម្ភថវិកាផ្ទាល់ពីលោក គីម រិទ្ធី។ អគារនេះ គឺសាងសង់ដើម្បីធានានូវដំណើរការផ្តល់ឈាម ដោយក្នុងនោះរួមមាន៖ កន្លែងស្តុកឈាម បន្ទប់រងចាំ កន្លែងផលិត ផ្តល់ឈាម ក៏ដូចជាបន្ទប់សម្រាប់ទទួលអំណោយឈាមផងដែរ៕