(ព្រះវិហារ)៖ លោក យស ផានីត្តា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមបេក្ខជនសមាជិកព្រឹទ្ធសភាភូមិភាគទី៨ បានថ្លែងអំពាវនាវដល់អង្គបោះឆ្នោតទូទាំងខេត្តព្រះវិហារ ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ត្រូវត្រៀមលក្ខណៈសម្បត្តិ ត្រៀមឯកសារពាក់ព័ន្ធ ពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៤ខាងមុខ។

ការថ្លែងអំពាវនាវរបស់លោក យស ផានីត្តា បានធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកជាំក្សាន្ត និងស្រុកគូលែន ខេត្តព្រះវិហារ ដែលជាអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកស្រី ចឹក ហេង សមាជិកព្រឹទ្ធសភា, លោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សខេត្តខេត្តព្រះវិហារ, លោក សួស សុខដារ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក អ៊ុយ សាគុណ អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក យស ផានីត្តា បានថ្លែងការសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះកាជួបជុំនាពេលនេះ រវាងតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដូចគ្នា។ លោកថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតពីរប្រភេទ គឺតំណាងរាស្រ្តក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់។

លោក យស ផានីត្តា បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា មានការបោះឆ្នោត ២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតបែបសកល គឺមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ដោយឡែក ការបោះឆ្នោតបែបអសកល មានដូចជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។

លោកបញ្ជាក់ថា នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩មក ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមានអាណត្តិចំនួន៦ឆ្នាំ មានចំនួន៤លើករួចមកហើយ ហើយការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ លោកក៏ថ្លែងប្រាប់អង្គបោះឆ្នោតពីដំណើរការឃោសនារកសម្លេងឆ្នោត គឺពីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ចំណែកថ្ងៃទី២៤ជាថ្ងៃស ហើយថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃបោះឆ្នោត។

លោក យស ផានីត្តា ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព និងរក្សាឱ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព។ ចំណែកអង្គបោះឆ្នោត ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោតដែលក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្រ្តក្នុងតំណែង អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជាប់ជាប្រធានព្រឹទ្ធសភា។

សូមបញ្ជាក់ថា សម្រាប់សមាជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកជាំក្សាន្ត ដែលជាអង្គបោះឆ្នោតមានចំនួន៥២នាក់ និងសមាជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកគូលែន ដែលជាអង្គបោះឆ្នោតមានចំនួន២៩នាក់៕