(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង ការទទួលខុសត្រូវ ចូលរួមយ៉ាងសកម្ម របស់សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ គ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ដែលបានរួុមគ្នាប្រយុទ្ធក្នុងសមរភូមិមនុស្សធម៍ ជួយពលរដ្ឋជាជនរងគ្រោះ ជនងាយរងគ្រោះ រាប់ពាន់គ្រួសារ ពេញ១ឆ្នាំ២០២៣កន្លងទៅ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានថ្លែងលើកឡើងបែបនេះ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាខាកាកបាទក្រហមខេត្ត។

លោកបណ្ឌិត អភិបាលខេត្ត ក៏បានជំរុញដល់ អនុសាខាតាមក្រុងស្រុក/ទាំង៧ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយបំផុត និងការងារសង្គមជា ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ខណៈកន្លងមកបងប្អូនយើង ធ្វើដោយបេះដូង មិនគិតពេលវេលា និងការនឿយហត់នោះឡើយ។

ជាចុងក្រោយ លោកបណ្ឌិត ប្រធានកាកបាទក្រហមខេត្ត ក៏បានក្រើនរំលឹក ត្រូវតាមដាននូវករណីប្រជាពលរដ្ឋរងគ្រោះកើតឡើង ដោយផ្តល់ព័ត៌មានជាបន្ទាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលាជូនប្រជាពលរដ្ឋដែលរងគ្រោះ។
ជាពិសេសជាការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះមហន្តរាយ និងងាយរងគ្រោះ ស្របតាមទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា, កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលនោះឡើយ"

បើតាមលោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ឲ្យដឹងថា ពេញមួយឆ្នាំ២០២៣កន្លងមក សាខាកាកបាទក្រហមកម្ពុជា បានធ្វើការឆ្លើយតបជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះទូទាំងខេត្ត រាប់ពាន់គ្រួសារ ដោយចុះចែកដោយផ្ទាល់នូវអំណោយជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។ ក្នុងនោះអ្នកជួបនូវឧបទ្ទេវហេតុផ្សេងៗ ជនរងគ្រោះដោយគ្រោះធម្មជាតិ អ្នកជំងឺផ្សេងៗ ជនងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង, ស្រ្តីមេម៉ាយកូនច្រើន,កុមារកំព្រា,ជនមានពិការភាព និងអ្នករស់នៅជាមួយមេរោគអេដស៍ជាដើម៕