(ថៃ)៖ ក្រោយទទួលបានដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ព្រះសង្ឃ និងពលរដ្ឋថៃជាច្រើន បានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។

ព្រះមហា សុវណ្ណ ព្រះសង្ឃខ្មែរគង់នៅក្រុងបាងកក ប្រទេសថៃ បានមានសង្ឃដីការសម្តែងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ។ ព្រះតេជគុណបានប្រគេនពរដល់សម្តេចនាយករដ្ឋមន្ត្រីឱ្យសម្រេចបាននៅក្តីបំណងទាំងឡាយ ពិសេសលើការកសាងសន្តិភាពនៅកម្ពុជា ជានិរន្តរ៍តរៀងទៅ។

ព្រះតេជគុណក៏បានប្រគេនក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈសម្តេចនាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះអង្គបានមករស់នៅដឹកដីថៃប្រមាណ៥០ឆ្នាំមកនេះ។
លោកស្រី ម៉ារី តាយ៉ូ ជាប្រជាពលរដ្ឋថៃរស់នៅទីក្រុងបាងកក ក៏បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរដោយក្តីរីករាយផងដែរ។
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តប តាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។ បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាបើកនៅក្នុង វេទិកាធុរកិច្ចកម្ពុជា-ថៃផងដែរ៕