(ភ្នំពេញ)៖ និស្សិតខ្មែរ៤រូប ត្រូវបានជ្រើសរើសចូលរួមកម្មវិធី «Young ASEAN Leaders Policy Initiative 2024» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជូឡាឡុងកន នៅទីក្រុងបាំងកក ប្រទេសងថៃ។ និស្សិតខ្មែរទាំង៤រូបនេះ បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះហើយ។
សិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធីនេះរួមមាន៖ លោក សូរ្យ គួច សុផាណារ័ត្ន, លោក លឹម តាយ ស៊ាង, លោក ឈូ កាយីអ៊ែនឌី និងកញ្ញា សោភ័ណ្ឌ រក្សា។
ក្នុងចំណោមនិស្សិតមកពីប្រទេសក្នុង និងក្រៅ ASEAN ចំនួន ៤៨រូប ដែលចូលរួមក្នុងកម្មវិធី «Young ASEAN Leader Policy Initiative (YALPI)» ត្រូវបានជ្រើសរើសជានិស្សិតពូកែៗនៅតាមប្រទេស មកធ្វើការបង្ហាញ និងចែករំលែកពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍ទីក្រុងក្នុងតំបន់ឱ្យក្លាយទៅជាទីក្រុងបៃតង។
លោក សូរ្យ គួច សុផាណារ័ត្ន និសិ្សតឆ្នាំទី២ តំណាងឱ្យក្រុម បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការបង្ហាញឱ្យពិភពលោក និងនិសិ្សតមកពីបណ្តារប្រទេសផ្សេងទៀត ស្គាល់ពីប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញដ៏ស្រស់ស្អាត ស៊ីវិល័យ ជាមួយហេដ្ឋារចនាសម្ពន្ធ័ខ្វាត់ខ្វែង ក្រោមការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។
និស្សិតមានដើមកំណើតពីខេត្តបាត់ដំបងរូបនេះ បានបញ្ជាក់ថា ខ្លួន និងមិត្តរួមក្រុមនឹងយកមកវិញនូវបទពិសោធន៍ល្អៗពីវេទិកានេះ ក៏ដូជាពីបណ្តារប្រទេស ASEAN មកចែករំលែកជូននិស្សិតកម្ពុជា ដើម្បីរួមគ្នា ជាធាតុផ្សំចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា កម្មវិធី «Young ASEAN Leaders Policy Initiative» ជាវេទិកាអន្តរជាតិមួយដែលប្រមូលផ្តុំ និងផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការផ្តួចផ្តើមដំណោះស្រាយសម្រាប់ការដោះស្រាយបញ្ហាសង្គមបច្ចុប្បន្ន។ គោលដៅនៃកម្មវិធី គឺផ្តល់អនុសាសន៍គោលនយោបាយ ដែលមានឥទ្ធិពលដល់ការបង្កើតគោលនយោបាយសង្គមសម្រាប់ដោះស្រាយបញ្ហាសង្គម ដែលកំពុងកើតមាននៅក្នុងតំបន់អាស៊ាន៕