(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋ និងអាជ្ញាធរ ក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានអះអាងស្រដៀងៗគ្នាថា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ គឺគ្មានដីសូម្បីតែមួយមីលីម៉ែត្រ នៅតំបន់៣ នៃតំបន់បឹងទន្លេសាប ដូចការចុះផ្សាយព័ត៌មានគ្មានការពិត និងគ្មានមូលដ្ឋានរបស់បណ្តាញសង្គមព័ត៌មាន The Cambodia Dailly Khmer នោះទេ។

ការសម្តែងប្រតិកម្មខាងលើនេះ គឺធ្វើឡើងក្រោយពីបណ្តាញសង្គមព័ត៌មាន The Cambodia Dailly Khmer បានចុះផ្សាយកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានចំណងជើងថា «ពលរដ្ឋចោទរដ្ឋមន្ត្រីក្រសួងរ៉ែថា រំលោភកាន់កាប់ដី អភិរក្សបឹងទន្លេសាបក្នុងតំបន់៣ ជាច្រើនរយហិកតា»

ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ ដែលរស់នៅតំបន់នោះ បានថ្លែងបដិសេធថា ព័ត៌មានដែល បានចោទថា៖ «រដ្ឋមន្ត្រីថ្មីក្រសួងរ៉ែ និងថាមពល កំពុងរំលោភទន្ទ្រាន និងកាន់កាប់ដែនដីអភិរក្សបឹងទន្លេសាប ក្នុងតំបន់៣ អស់រាប់រយហិកតាសព្វថ្ងៃនេះ ដោយការឃុបខិតគ្នាជាមួយអាជ្ញាធរខេត្តជាប្រព័ន្ធ» គឺជាព័ត៌មានមិនពិត និងប្រឌិតបំពុលសង្គមទាំងស្រុង។

ពួកគាត់អះអាងថា លោក កែវ រតនៈ ពុំមានដីនៅតំបន់៣ សូម្បីតែមួយមីលីម៉ែត្រ។ ប្រជាជនក្នុងមូលដ្ឋានស្រុកកណ្តៀងទាំងមូល និយាយជារួមនិងនិយាយដោយឡែក ប្រជាជនក្នុងឃុំកញ្ជរ មានការគោរពស្រឡាញ់ និងគាំទ្រយ៉ាងពេញទំហឹង នូវការដឹកនាំរបស់លោក ដែលមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់។ ជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សា អភិរក្សធនធានធម្មជាតិ ដោយពុំអនុញ្ញាតឱ្យជនខិលខូចណា ឆ្លៀតឱកាសក្នុងការរុករានទន្ទ្រានដីតំបន់៣ ដោយខុសច្បាប់នោះឡើយ និងគិតគូរពីសុខទុក្ខ លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ទាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមស្នើដល់មន្ត្រីជំនាញ បើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកមុខក្រុមបំពុលសង្គម យកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីជៀសវាងការភ័ន្តច្រឡំ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់លើការដឹកនាំ និងកិត្តិយស ដល់ថ្នាក់ដឹកនាំខេត្ត ពិសេសសេចក្ដីថ្លៃថ្នូរ របស់លោករដ្ឋមន្ត្រី កែវ រតនៈ៕