(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Darius Gaidys ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋ លីទុយអានីប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានស្វាគមន៍ និងអបអរលោក Darius Gaidys ដែលចាប់ផ្តើមតួនាទីជាឯកអគ្គរដ្ឋទូតលីទុយអានីប្រចាំអាស៊ាន និងបានទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់លីទុយអានី ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ជាពិសេស ពង្រឹងវត្តមានការទូតនៅក្នុងអាស៊ាន។

ភាគីទាំងពីរក៏បានរំលឹកឡើងវិញនូវជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី ២៤ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ហើយសង្ឃឹមពង្រឹងទំនាក់ទំនង រវាងអាស៊ាន និងលីទុយអានីឱ្យកាន់តែមានទម្ងន់ រួមទាំងតាមរយៈក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប៕