(កណ្ដាល)៖ លទ្ធផល នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលរយ:ពេល៣ថ្ងៃ ចាប់ពីយប់ថ្ងៃទី២-៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងក្រុងតាខ្មៅ កម្លាំងជំនាញឃាត់យានយន្តល្មើសបានចំនួន ៣៥៣គ្រឿង (រថយន្ត ចំនួន១២៧គ្រឿង, ម៉ូតូ ចំនួន ២២៦គ្រឿង)។
នេះបើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅល្ងាចថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤។ យុទ្ធនាការ៣ថ្ងៃមកនេះ មានវត្តមានចូលដឹកនាំដោយលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ, លោកឧត្តមសេនីយ៍ត្រី ឆេង សំអឿន ស្នងការរងនគរបាលខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្ដាល, និងថ្នាក់ដឹកនាំជំនាញជាច្រើននាក់ផ្សេងទៀត។
លោកអធិការបន្តថា ដោយគោរពប្រសាសន៍ថ្នាក់ដឹកនាំ កម្លាំងជំនាញបានត្រួតពិនិត្យ និងអនុវត្តន៍បានយ៉ាងតឹងរឹងគ្មានការយោគយល់ឡើយ ពោលគឺសំដៅទៅដល់ការអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពបំផុត។
លោកបន្តថា ជាលទ្ធផល កម្លាំងជំនាញអនុវត្តន៍បានឃាត់យានយន្តល្មើសបានចំនួន ៣៥៣គ្រឿង (រថយន្ត ចំនួន១២៧គ្រឿង, ម៉ូតូ ចំនួន ២២៦គ្រឿង)។
*ទី១៖ ល្មើសជាតិស្រវឹង ចំនួន០២គ្រឿង
*កម្រិត ០.០២៥ - ០.០៤០ mg/L ចំនួន០២គ្រឿង (ក្នុងកម្រិតអប់រំ)
*អ្នកបើកបរម៉ូតូ ចំនួន០១នាក់
*អ្នកបើកបររថយន្ត ចំនួន០១នាក់ +កម្រិត ០.៤០ mg/L ឡើង ចំនួន០០គ្រឿង
*អ្នកបើកបរម៉ូតូ ចំនួន០០នាក់
*អ្នកបើកបររថយន្ត ចំនួន០០នាក់។
*ទី២៖ បទល្មើសផ្សេងៗ ចំនួន២២៦គ្រឿង។ អត់មួកសុវត្ថិភាព ចំនួន២២៣នាក់។
*ទី៣៖ អ្នកបើកបរម៉ូតូអត់ពាក់មួកសុវត្ថិភាពចំនួន២២៣នាក់ អប់រំទាំងអស់ មិនបានផាកពិន័យនោះទេ។ សូមរម្លឹកថា កម្លាំងជំនាញនឹងតែបន្តអនុវត្តន៍ច្បាប់ជារៀងរាល់យប់នៅតាមទីតាំងដែលបានកំណត់៕