(ភ្នំពេញ)៖ ការស្ថាបនាបំពង់បូមទឹកស្ថានីយបូមទឹកបឹងត្របែកឆ្លងកាត់ផ្លូវលេខ២៧១ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហានេះ ហើយផ្លូវលេខ២៧១ រាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការជាប្រក្រតីឡើងវិញ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្អែកនេះ។ នេះបើតាមការបញ្ជាក់ពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
កំណាត់ផ្លូវជាតិលេខ២៧១ ត្រូវបានអាជ្ញាធរបិទមួយចំហៀង អស់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដើម្បីរៀបចំបំពង់បូមទឹកកាត់ផ្លូវចំនួន៥កន្លែង ដែលមានសមត្ថភាពខ្ពស់ បញ្ជាសការលិចលង់។
លោក សាំ ពិសិដ្ឋ បាននិយាយថា ស្ថានីយបូមទឹកបឹងត្របែកនេះ នឹងមានសមត្ថភាពខ្ពស់ ក្នុងការជួយរំដោះការលេចលង់ នៅ៣ខណ្ឌ រួមមានខណ្ឌចំការមន ៧មករា និងខណ្ឌដូនពេញ។ ការបូមទឹកនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី០៧ ខែកញ្ញា។
ស្ថានីយមូបទឹកបឹកត្របែកថ្មីនេះ មានបំពាក់ម៉ូទ័របូមទឹកចំនួន១១គ្រឿង មានសមត្ថភាពបូមទឹកបាន ២៣.៣ម៉ែត្រគូប ក្នុង១វិនាទី គឺកើន៣ដង ធៀបនឹងស្ថានីយ៍ចាស់៕