(បាត់ដំបង)៖ បន្ទាប់ពីទទួលបានរបាការណ៍ពីអាជ្ញាធរមូលដ្ឋានស្តីពីករណីប្រជាពលរដ្ឋ ដែលរងរបួសដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (មីន៦៩) នៅស្រុកសំឡូត នៅរសៀលថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤សាខាកាកបាទក្រហមកម្ពុជាដែលមានលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាបានចាត់តំណាងសាខាដឹកនាំលោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខានិងសហការី បានចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះភ្លាម។

សូមបញ្ជាក់ថា លោក ស៊ឹម សុភាព អាយុ៥៥ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានរងគ្រោះថ្នាក់ផ្ទុះគ្រាន់មីន (៦៩) បន្សល់ពីសម័យសង្គ្រាម ខណៈពេលគាត់កំពុងធ្វើសដំណើទៅចំការ ដើម្បីគាស់ល្មៀតយកទៅលក់ផ្គត់ផ្គង់ ជីវភាពគ្រួសារនៅវេលាម៉ោងប្រហែល៩៖០០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បណ្តាលឲ្យដាច់ជើងខាងឆ្វេង និងរបួសកំភូនជើងខាងស្តាំ និងប្រអប់ដៃខាងឆ្វេងបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោក ផេង សិទ្ធី បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់លោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជាមួយគ្រួសាររងគ្រោះ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និងចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងចំពោះអ្នករងគ្រោះ។

លោកក៏បានផ្តាំផ្ញើឱ្យក្រុមគ្រួសារយកចិត្តទុកដាក់ថែទាំអ្នករបួសឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។

លោក ស៊ឹម សុភាព ជនរងគ្រោះមានក្តីរំភើប និងត្រេកអរយ៉ាងខ្លាំង ដោយបានលោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភថវិកាសម្ភារដើម្បីសម្រាលការលំបាកដល់គ្រួសាររបស់លោក។

សម្ភារដែលសាខាបានឧបត្ថម្ភដល់ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឃីត១កញ្ចប់ (មុង, ភួយ, សារុង, ក្រមា) និងថវិកា១លានរៀលផងដែរ៕