(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញលិខិតបំភ្លឹ ពាក់ព័ន្ធនីតិវិធីនៃការបញ្ចប់មុខតំណែងមន្រ្តីនគរបាលជាតិ នៅនាយកដ្ឋានបុគ្គលិក ដែលត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មាន និងបណ្តាញសង្គមនាពេលថ្មីៗនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានធនធានមនុស្ស ជាអង្គភាពទើបបង្កើតថ្មី មាននាយកដ្ឋានចំនួន៤ ចំណុះឱ្យអគ្គនាយកដ្ឋាននេះ ក្នុងនោះនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរ មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ដោយប្តូរឈ្មោះទៅជានាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិវិញ។

ក្នុងន័យនេះ ដើម្បីរៀបចំមុខតំណែងស្របតាមរចនាសម្ព័ន្ធថ្មីនៃនាយកដ្ឋាននីមួយៗ នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ដែលមានឈ្មោះក្នុងអនុក្រឹត្យខាងលើនេះ អតីតមានមុខតំណែងជា គ្រូនគរបាលជាតិមានឋានៈស្មើអគ្គនាយករងនិងប្រធាននាយកដ្ឋាន នាយកវិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន បុគ្គលិកមានឋានៈនិងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន ត្រូវបានផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងថ្មី ឡើងវិញ ឱ្យទៅបម្រើការងារនៅនាយកដ្ឋាននីមួយៗ ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។

បើតាមក្រសួងមហាផ្ទៃ, ជាគោលការណ៍និងនីតិវិធីនៃការរៀបចំមុខងារមន្ត្រីសាធារណៈ បើអង្គភាពសាមីស្នើសុំតែងតាំងមុខតំណែងថ្មី ដែលមានឋានៈទាបជាងមុខតំណែងចាស់ អង្គភាពជំនាញត្រូវតែរៀបចំនីតិវិធីបញ្ចប់ មុខតំណែងចាស់ជាមុនសិន ដែលមានឋានៈខ្ពស់ជាង ទើបតែងតាំងមុខតំណែងថ្មីដែលមានឋានៈទាបជាងជាក្រោយ។

បន្ទាប់ពីបានបញ្ចប់មុខតំណែងចាស់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មន្ត្រីនគរបាលជាតិដែលមាន ឈ្មោះក្នុងអនុក្រឹត្យខាងលើនេះ ត្រូវបានក្រសួងមហាផ្ទៃតែងតាំងមុខតំណែងថ្មី តាមរយៈប្រកាសចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្របតាមលក្ខណសម្បត្តិ សមត្ថភាពជំនាញ ការគោរពវិន័យ សីលធម៌ល្អ មានឆន្ទៈមោះមុត ខិតខំបំពេញភារកិច្ច និងមានការទទួលខុសត្រូវការងារខ្ពស់៕