(កំពង់ឆ្នាំង)៖ លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ និងមន្ទីរពាក់ព័ន្ធ ចុះសួរសុខទុក្ខប្រជាកសិករ និងពិនិត្យជួយសង្គ្រោះស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២៣០ហិកតា នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលកំពុងត្រូវការទឹក ជាចាំបាច់ដើម្បីស្រោចស្រព។

លោក ម៉ែន នួន មេឃុំស្វាយជ្រុំ បានឲ្យដឹងថា ស្រែប្រាំងនៅតំបន់ទំនប់២០ឧសភា ស្ថិតក្នុងឃុំស្វាយជ្រុំនេះមានចំនួន ២៣០ហិកតា ស្ថិតនៅក្នុងភូមិថ្មកែវ និងភូមិកំពង់រាំង ឃុំស្វាយជ្រុំ កំពុងខ្វះខាតទឹកស្រោចស្រព ក្នុងនោះស្រែប្រជាពលរដ្ឋចំនួន៨០ហិកតា បើមានទឹកគ្រប់គ្រាន់ប្រហែលជាជាង១០ថ្ងៃទៀត នឹងបានប្រមូលផលហើយ។ លោកថា «បើមានប្រេងគ្រប់គ្រាន់សម្រាប់ចាក់ម៉ាស៊ីនបូមទឹកឲ្យបានជាង២០ថ្ងៃទៀតនោះ យើងនឹងសង្គ្រោះស្រូវប្រាំងដែលមានចំនួន២៣០ ហិកតាខាងលើនេះបានជាស្ថាពរផងដែរ»។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត ក្នុងពេលចុះត្រួតពិនិត្យការបូមទឹកបញ្ចូលស្រែប្រាំងនៅតំបន់ខាងលើនេះ បានឲ្យដឹងថា ដំណាំស្រូវប្រាំងក្នុងតំបន់នេះ មិនទាន់មានការខូចខាតធ្ងន់ធ្ងរនៅឡើយទេ ដោយយើងអាចបូមទឹកពីទំនប់ ២០ឧសភា ដាក់មកតាមប្រឡាយមេ និងបូមបន្តអាចជួយសង្គ្រោះបានទាន់ពេលវេលា។ ដូច្នេះការបូមទឹកដាក់ចូលក្នុងប្រឡាយមេខាងលើនេះ ជាង១០ថ្ងៃទៀត អាចនឹងសង្គ្រោះស្រែប្រាំងនៅចំណុចនេះបានទាំងអស់។

ដោយឡែកលោក ដោក ប៊ុនថុន បានឱ្យដឹងទៀតថា នៅក្នុងរដូវប្រាំងឆ្នាំ២០២៣ និង២០២៤នេះ ស្រែប្រាំងដែលខ្វះខាតទឹកនៅក្នុងស្រុករលាប្អៀរ និងស្រុកបរិបូរណ៌ និងស្រុកកំពង់លែងមានជាង១.០០០ហិកតា។ មកដល់ពេល នេះអាជ្ញាធរខេត្ត ស្រុក និងមន្ទីរពាក់ព័ន្ធបានជួយសង្គ្រោះជាបន្តបន្ទាប់បានសរុបចំនួនប្រមសណជា១.០ ០០ហិកតាហើយនៅសេសសល់បន្តិចបន្តួចដែលកំពុងធ្វើការជួយសង្គ្រោះបន្ត។

លោកប្រធានមន្ទីរ បានបញ្ជាក់ឲ្យដឹងទៀតថា ថ្ងៃនេះមន្ទីរធនធានទឹកខេត្ត បានជួយឧបត្ថម្ភប្រេងម៉ាស៊ូតដល់អាជ្ញាធរឃុំស្វាយជ្រុំ ចំនួន៣០០លីត្រ និងមន្ទីរកសិកម្មខេត្តឧបត្ថម្ភប្រេងចំនួន១០០លីត្រ។ ចំណែកលោកអភិបា លខេត្តកំពង់ឆ្នាំង នឹងជួយឧបត្ថម្ភប្រេងចំនួន៤០០លីត្រផងដែរ ដើម្បីប្រើប្រាស់ក្នុងការបូមទឹកពីទំនប់ ២០ឧសភា សម្រាប់សង្គ្រោះស្រែប្រាំងចំនួន២៣០ហិកតា ដែលកំពុងត្រូវការទឹកស្រោចស្រព្យរយៈពេលពេញមួយខែទៀត។

លោក ស៊ុន សុវណ្ណារិទ្ធិ ខណៈដែលលោកបានចុះពិនិត្យការបូមទឹកសង្គ្រោះស្រែប្រាំងជាមួយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន នៅទំនប់២០ឧសភានាព្រឹកមិញនេះ លោកក៏បានសំណូមពរផងដែរដល់អាជ្ញាធរឃុំ ស្រុក មន្ទីរធន ធានទឹក និងមន្ទីរកសិកម្មខេត្ត ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានដទៃទៀត ធ្វើយ៉ាងណាប្រើឱ្យអស់លទ្ធភាពដើម្បីធានាឲ្យបាននូវការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែល កំពុងខ្វះខាតទឹកឲ្យបានទាន់ ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយសង្គ្រោះបាន បើមានការខ្វះខាតទាំងសម្ភារៈឬប្រេងឥន្ធនៈផ្សេងៗត្រូវសហការជាបន្ទាន់ជាមួយរដ្ឋបាលខេត្ត។

នាឱកាសនោះដែរ រដ្ឋបាលឃុំស្វាយជ្រុំ និងប្រជាកសិករក្នុងឃុំសូមថ្លែងអំណរគុណយ៉ាងជាជ្រៅដល់លោកបណ្ឌិត អ៊ុក រ៉ាប៊ុន លោកអភិបាលខេត្ត អាជ្ញាធរស្រុករលាប្អៀរ លោកប្រធានមន្ទីរធនធានទឹក និងលោកប្រធានមន្ទីរ កសិកម្មខេត្ត ដែលបានចុះពិនិត្យដល់មូលដ្ឋាន និងបានជួយឧបត្ថម្ភប្រេងសម្រាប់ចាក់ម៉ាស៊ីនបូមទឹកដើម្បីបន្តសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹកក្នុង រយៈពេលមួយខែទៅមុខទៀត៕