(បន្ទាយមានជ័យ)៖ មន្រ្តីពេទ្យសត្វ១ក្រុម បានចុះបង្ក្រាបការដឹកជញ្ជូនស៊ុតមាន់ជាង៦ម៉ឺនគ្រាប់ ស្មើនិង២០០ដុំ ដែលលួចបង្កប់តាមរថយន្តក្រុង ដឹកពីខេត្តកំពង់ស្ពឺ មកចែកចាយនៅខេត្តបន្ទាយមានជ័យ។ ការចុះឃាត់រថយន្តក្រុង បានធ្វើឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សាព្រែករពៅ ភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅវេលាម៉ោងប្រហែល១រសៀលនោះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះដល់ចំណុចខាងលើ និងបានឃាត់រថយន្តក្រុង១គ្រឿង ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-9090។

ក្រោយពិនិត្យក្នុងឃ្លប់រថយន្តខាងក្រោម មន្រ្តីបានរកឃើញស៊ុតមាន់ចំនួន២០០ដុំ ស្មើនឹង៦០០០០គ្រាប់។ មន្ត្រីពេទ្យសត្វ បានបន្តថា រថយន្តលួចដឹកបង្កប់ស៊ុតមាន់ ចំណែកអ្នកបើករថយន្តបាននិយាយថា គាត់ស៊ីឈ្នួលដឹកស៊ុត មាន់ចេញពីម្តុំ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ឆ្ពោះមកឲ្យម៉ូយលក់ចែកចាយនៅខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ។ គាត់ប្រកែកថា មិនបានស្គាល់ម្ចាស់ស៊ុតមាន់នោះឡើយ គឺបានទាក់ទង់តែអ្នកហៅមកដឹកប៉ុណ្ណោះ។

មន្រ្តីជំនាញក្រោយពីពិនិត្យសួនាំហើយ បាននាំយកវត្ថុតាងល្មើស និងមធ្យោបាយខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រោះស៊ុតមាន់ទាំងអស់នេះអត់មានឯកសារត្រឹមត្រូវ និងអត់មានប្រភពថាដឹកចេញពីកន្លែងណាមក៕