(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក James Brew ទីប្រឹក្សាជាន់ខ្ពស់​ផ្នែក​វេទិការវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍​សេដ្ឋ​កិច្ចប្រកបដោយភាពធន់(CAPRED)។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវិធីសាស្ត្របច្ចេកទេសប្រមូលផ្ដុំលទ្ធផលទាំងស្រុង នៃវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ និងវិធីសាស្រ្តតាមដានការ​អនុវត្ត​យន្ត​ការ​នានា ​ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិកានេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣​កន្លងទៅ ដើម្បីធានាបាននូវបរិយាបន្ន និងនិរន្តរភាពទិន្នន័យ។

សូមជម្រាបថា ក្រៅពីផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់វេទិកាលើកទី១៩ តាមរយៈកម្មវិធីអភិវឌ្ឍន៍​សេដ្ឋ​​កិច្ច​​ដ៏ធំរបស់អូស្ត្រាលី ហៅកាត់ថាកម្មវិធី CAPRED នេះ ប្រទេសអូស្ត្រាលីក៏ធ្លាប់បានគាំទ្ររាជ​រដ្ឋា​ភិបាលកម្ពុជាផងដែរ ក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីចន្លោះឆ្នាំ២០០២ រហូត​ដល់ឆ្នាំ​២០០៩៕