(ភ្នំពេញ)៖ មេធាវី៣រូប របស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៉ឹង សែនករុណា អនុប្រធានសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ហើយ។ នេះបើតាមពាក្យបណ្តឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បណ្តឹងនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ ដើម្បីប្តឹង លោក ស៉ឹង សែនករុណា ពាក់ព័ន្ធនឹងករណីប្រមាថគណបក្សប្រជាជនកម្ពុជា ក្នុងអត្ថបទមួយរបស់ The Cambodia Daily ចុះផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងពាក្យបណ្តឹងរបស់មេធាវីរបសគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ ការថ្លែងរបស់ឈ្មោះ ស៊ឹង សែនករុណា ស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណ​បក្សប្រជាជនកម្ពុជា «...ប្រើប្រព័ន្ធតុលាការមកដោះស្រាយ...និង....តែងតែយកតុលាការមកធ្វើជារបាំង ក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»... ព្រមទាំងប្រើប្រាស់ «វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន... ដែលពាក្យពេចន៍អះអាងបំផ្លើសទាំងនេះ ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំ ឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៀត ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រ ប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។

ពាក្យបណ្តឹងបញ្ជាក់ថា ក្នុងនាមជាជាមេធាវីតំណាង គណបក្សប្រជាជនកម្ពុជា សុំប្តឹង និងសំណូមពរដូចខាងក្រោម៖
* ស្នើសុំឱ្យធ្វើការពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនកុរណា និងនីតិវិធីជាធរមាន។
* ទាមទារឱ្យឈ្មោះ ស៊ឹង សែនករុណា សងសំណងជំងឺចិត្តជូន គណបក្ស ២.០០០.០០០.០០០ (ពីរពាន់លាន) រៀល៕