(ហុកគៀន)៖ ថ្លែងនាឱកាសតំណាងលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ដឹកនាំគណៈប្រតិភូ៤រូប និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសចិន ដើម្បីចូលរួមក្នុងការរឹតចំណងសាមគ្គីភាពរវាងសមាគមមិត្តភាពកម្ពុជា-ចិន ជាមួយសមាគមចិនលោក ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងរវាងប្រជាជនអាស៊ាន និងប្រជាជនចិន គឺជាការបន្តមរតកស្មារតីមិត្តភាពមនុស្សជាតិ។

ជំនួបដើម្បីរឹតចំណងមិត្តភាពនេះបានធ្វើឡើង ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤​ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តហុកគៀន​ ប្រទេសចិន​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថានទូតកម្ពុជាប្រចាំប្រទេសចិន និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសចិន ដែលជំនួបនេះមិនត្រឹមតែរឹតចំណងសាមគ្គីភាពរវាងសមាគមមិត្តភាពកម្ពុជា-ចិន ជាមួយសមាគមចិនដើម្បីមិត្តភាពជាមួយបរទេសនោះទេ គឺដើម្បីរឹតចំណងមិត្តភាពរវាងបណ្តាប្រទេសអាស៊ានផងដែរ។

ជាមួយគ្នានោះលោក ឡាវ វ៉ាន់ បានថ្លែងនូវការកោតសរសើរចំពោះសមាគមចិន ដើម្បីមិត្តភាពជាមួយបរទេសក្នុងការរៀបចំកម្មវិធីប្រកបដោយមានអត្ថន័យនេះ ហើយក៏បានផ្តល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជាតិចិន និងបណ្តាប្រជាជាតិអាស៊ានស្របតាមសកម្មភាពជាក់ស្តែងដែលបានបង្ហាញឱ្យឃើញនូវការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងអស់ក្នុងការបង្កើនភាតរភាពក្នុងនាមជាអ្នកជិតខាងល្អ ជាមិត្តល្អ ជាដៃគូល្អ និងជាបងប្អូនល្អ។

លើសពីនេះ លោក ឡាវ វ៉ាន់ ក៏បានយល់ស្របនឹងប្រសាសន៍របស់លោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរំលេចពីទំនាក់ទំនងនៃស្មារតីមិត្តភាពរវាងប្រជាជនចិននិងប្រជាជនអាស៊ានដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើងទាំងអស់គ្នាគឺសន្តិភាពនិងការអភិវឌ្ឍ។ ក្នុងរយៈពេលជាង៣ទសវត្សរ៍ក្រោមកិច្ចសន្ទនាប្រកបដោយផ្លែផ្ការវាងចិននិងអាស៊ាន បានផ្តល់ផលប្រយោជន៍ដ៏មហិមាដល់ប្រជាជននៃប្រទេសចិននិងអាស៊ាន ដែលក្នុងនោះបរិមាណកាន់តែច្រើននៃយុវជនបន្តវេនពីបណ្តាប្រទេសអាស៊ានបានមកបន្តការសិក្សា និងបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយយុវជនចិនលើគ្រប់ទម្រង់នៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ជាមួយគ្នាលោក ឡាវ វ៉ាន់ យល់ឃើញថា ឆ្នាំ២០២៤ដែលជាឆ្នាំផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន គឺជាកាលានុវត្តភាពកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ការពង្រីកនូវទំហំផលប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាជាមួយនិងប្រជាជនចិនក្នុងវិស័យអប់រំ វប្បធម៌ និងទេសចរណ៍​ រួមទាំងការវិនិយោគដោយឆ្លើយតបនឹងការបន្ស៉ីគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគំនិតផ្តួចផ្តើមទាំង៤របស់ប្រទេសចិន ស្របតាមគោលគំនិតរួមគ្នាកសាងសហគមន៍ជោគវាសនារួមរវាងកម្ពុជា-ចិន។

នៅលើទម្រនៃសន្តិភាពយ៉ាងពេញបរិបូរណ៍ និងសេរីភាពយ៉ាងពេញលេញ ព្រមទាំងសុខដុមនីយកម្មយ៉ាងល្អប្រសើរនៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃ និងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ឡាវ វ៉ាន់ ក៏បានគូសបញ្ជាក់ជាមួយគណៈប្រតិភូអាស៊ាន និងមិត្តចិន ពីការត្រៀមខ្លួនរួចជាស្រេចរបស់សមាគមមិត្តភាពកម្ពុជា-ចិន ដើម្បីចូលរួមជាមួយអង្គពាក់ព័ន្ធនានាក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពដើម្បីពន្លាតស្មារតីមិត្តភាពផ្លូវសូត្រនៃទំនាក់ទំនងជាប្រពៃណីរវាងប្រជាជនកម្ពុជានិងប្រជាជនចិន រួមជាមួយប្រជាជនពីបណ្តាប្រទេសអាស៊ានក្នុងការពង្រឹងនិងពង្រីកនូវមរតកនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ៕