(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សាខាឬស្សីកែវ របស់ក្រុមហ៊ុន Cambodia Motor Vehicle Inspection Center – CMVIC ដែលមានទីតាំងស្ថិតនៅក្នុងដីឡូតិ៍ តាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ខាងត្បូងទីស្តីការក្រសួង។

ការចុះត្រួតពិនិត្យមណ្ឌលឆៀកនាឱកាសនេះ ត្រូវបានធ្វើឡើង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរប្រតិបត្តិការ នៃការអនុវត្តការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ក្រុមហ៊ុន CMVIC ដែលជាក្រុមហ៊ុនទទួលបាន អាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មពី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធានាបានថាការត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅទីនេះ គឺពិតជាប្រកបដោយភាពត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងគ្រប់លក្ខខណ្ឌដែលបានកំណត់។

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ស្របតាមស្តង់ដាលក្ខណៈបច្ចេកទេស និងបទប្បញ្ញត្តិច្បាប់ដែលបានកំណត់ គឺពិតជារឿងចាំបាច់ដែលម្ចាស់យានជំនិះ គ្រប់រូបមិនអាចមើលរំលង ពីព្រោះគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដែលកើតឡើងពីកត្តាយានជំនិះ មិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់ពេលវេលា។

បងប្អូនអាចធ្វើការស្នើសុំ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ដោយខ្លួនឯងបាន តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម អាសយដ្ឋាន https://techinspection.mpwt.gov.kh ដោយគ្រាន់តែបំពេញព័ត៌មានដោយខ្លួនឯង និងមិនចាំបាច់ធ្វើការចំណាយក្រៅផ្លូវការផ្សេងៗ៕