(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុកទាំង១៤ ត្រូវទប់ស្កាត់ ឲ្យបានគ្រប់បទល្មើស ដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាផ្សេងៗដោយអនុវត្តទៅតាមផ្លូវច្បាប់។

លោកបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុកទាំង១៤ លោក លោកស្រីជា
ប្រធាន អនុប្រធានមន្ទីរ អង្គភាព ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក សុខ លូ បានថ្លែងដល់រដ្ឋបាលក្រុងស្រុក អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវខិតខំបន្តនិរន្ដរភាពការងារនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយមិនត្រូវបន្ធូដៃឡើយ ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ឲ្យបាននូវលទ្ធផលការងារកាន់តែមានការរីកចម្រើនជាលំដាប់។

លោកបានធ្វើការណែនាំដល់រដ្ឋបាលក្រុងស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឡើងវិញចំពោះបទល្មើសគ្រប់រូបភាពដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដូចជា ល្បែងស៊ីសង
ខុសច្បាប់, បញ្ហាប្រើប្រាស់និងជួញដូរគ្រឿងញៀន, ការទន្រ្ទានឈូសឆាយព្រៃ ឈើ លើគោកនិងព្រៃលិច,ការទន្រ្ទានយកដីនោះមកធ្វើជាកម្មសិទ្ធដោយខុសច្បាប់, បទល្មើសនេសាទក្នុងបឹងទន្លេសាបនៅ
តំបន់អភិរក្ស(កន្លែងហាមឃាត់), ការចិញ្ចឹមត្រីក្នុងស្ទឹងសង្កែជាដើម។

លោក អភិបាលខេត្តបានបញ្ជាក់ថា កន្លងមកនៅតាមបណ្តាក្រុង ស្រុក យើងបានធ្វើការទប់ស្កាត់ បង្រ្កាប បទល្មើសទាំងនោះបានជាហូរហែរ និង ជាបន្តបន្ទាប់ផងដែរ តែបទល្មើសទាំងនោះ ក៏នៅតែកើតមាន
ដដែលៗ មិនចេះអស់ ថែមទាំងបង្កភាពអាណាធិបតេយ្យថ្មីៗថែមទៀតផង។

លោកបន្តថា យោងតាមបទបញ្ជាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលមានសម្តេចអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានរឹតបន្តឹងនិងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អកាន់តែប្រសើរជាងមុននិងត្រូវលុបបំបាត់ វះកាត់ ភាពអសកម្មរបស់មន្រ្តីរាជការផងដែរ។

លោកបានសង្កត់ធ្ងន់ ទៅអាជ្ញាធរ ក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច ត្រូវទប់ស្កាត់ ការពារឲ្យបានកុំឲ្យកើតឡើងរាល់បទល្មើសផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់សុខសុវត្តិភាពសង្គមនៅតាមមូលដ្ឋាន ហើយអាជ្ញាធរត្រូវស្រាវជ្រាវសាវតាមេក្លោងដែលនៅពីក្រោយបទល្មើសផ្សេងៗនោះនិងនាំយកមេក្លោងនោះបើករណីធម្មតា យកមកអនុវត្តធ្វើកិច្ចសន្យាបញ្ឈប់កុំឲ្យធ្វើខុសច្បាប់បន្តទៀត បើករណីធ្ងន់ធ្ងរត្រូវចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕