(រតនគិរី)៖ ដើម្បីលើកកម្ពស់សោភណ្ឌភាពបរិស្ថានឲ្យកាន់តែស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក មកកម្សាន្តនៅរមណីដ្ឋានបឹងកន្សែងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីខណ្ឌរដ្ឋបាលជលផល មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរក្រុងបានលុង អង្កការបណ្តាញទន្លេ៣ និងអាជ្ញាធរសង្កាត់បឹងកន្សែង បាននាំយកស្លាកសញ្ញាចំនួន៤ផ្ទាំង ដាក់នៅមាត់បឹងកន្សែងក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីដែលនាំគ្នាយកស្លាកសញ្ញាចំនួន៤ផ្ទាំងមកដាក់នៅមាត់បឹងកន្សែង ប្រាប់ឲ្យដឹងថា គោលបំណងថ្ងៃនេះ គឺការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានស្រាប់ទុកជាប្រយោជន៍រួមដោយហាមនេសាទ និងបរបាញ់សត្វគ្រប់ប្រភេទនៅតំបន់ទេសចរណ៍បឹងកន្សែង។

ទាំងនេះ ដើម្បីបង្ហាញឲ្យមហាជនដែលមកកម្សាន្តនៅរមណីដ្ឋានបឹងកន្សែង ឲ្យចូលរួមអភិរក្សទាំងអស់គ្នាទុកឲ្យពូជត្រី និងសត្វស្លាបគ្រប់ប្រភេទដែលអាស្រ័យលើផ្ទៃបឹងដោយគ្មានការរំខានពីអ្នកនេសាទ និងបរបាញ់សត្វទុកជាប្រយោជន៍សាធារណៈ។

ជាការកត់សម្គល់ជារៀងរាល់ឆ្នាំក្នុងចន្លោះខែកុម្ភៈ និងខែមីនា ដើមឆ្នាំទឹកបឹងទឹកត្រពាំង ទឹកអូរ ទឹកព្រែកមានភាពរីងស្ងួតមានសត្វស្លាបជាប្រភេទដូចជាប្រវឹក កុក ក្រសា មាន់ទឹកជាដើមពិបាករកចំណីហើរទាំងហ្វូងៗ ចូលលេងទឹកនិងរកចំណីនៅរមណីដ្ឋានបឹងកន្សែងមានទឹកខួបប្រាំង ខួបវស្សាសម្រាប់ភ្ញៀវមកកម្សាន្តគយគន់ផងដែរ៕