(ស្វាយរៀង)៖ មិនខុសពីឆ្នាំមុនៗនោះទេ នៅមុនថ្ងៃសែនចូលចូលឆ្នាំចិនវៀតណាម តាមទីផ្សារនានាវិញក្នុងខេត្តស្វាយរៀង គេឃើញមានមនុស្សម្នាជាច្រើនសំរុកទិញម្ហូប ផ្កាផ្ញីសម្រាប់សែននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម ដែលចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ គេសង្កេតឃើញនៅក្នុងទីរួមខេត្តស្វាយរៀង មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមានឈាមជ័រជាកូនចៅកាត់ចិនវៀតណាមជាទម្លាប់ តែងតែចូលរួមអបអរសាទរថ្ងៃបុណ្យចូលចិនវៀតណាមនេះ ហើយមុនថ្ងៃសែនមួយថ្ងៃ បាននាំគ្នាទៅទិញឥវ៉ាន់ ដើម្បីត្រៀមសែនថ្ងៃចូលឆ្នាំចិនវៀតណាម។

បុណ្យចូលឆ្នាំថ្មីនេះ គឺជាពិធីបុណ្យប្រពៃណីជនជាតិចិនវៀតណាម ហើយនៅកម្ពុជាយើង ក៏មានបងប្អូនជាប់សែស្រឡាយចិន ក៏ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំចិននេះដែរ។

ប្រជាពលរដ្ឋដែលកាត់ខ្សែចិន បានឲ្យដឹងថា នៅមុនថ្ងៃសែនទំនិញហាក់ឡើងថ្លៃបន្តិចជាពិសេស មាន់ ជ្រូកខ្វៃ ផ្លែឈើជាដើម ព្រោះតែពួកគេបានសំរុកទៅទិញទំនិញទាំងនោះយកមកសែនមានចំនួនច្រើនពេក។

ជាមួយគ្នានេះ នៅតាមផ្លូវក្នុងខេត្តស្វាយរៀង ក៏ដូចជាផ្លូវជាតិលេខ១ ទៅកាន់ក្រុងបាវិតវិញ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរជាធម្មតា តែបើយើងមើលទៅតាមខ្នងផ្ទះរបស់ពួកគាត់វិញនោះ ឃើញមានការរៀបចំត្រៀមសែនព្រេន ធូប ទាន ក្រដាសសែន គោម ក្រដាសបណ្តាពាក្យស្លោកជាដើម។

បន្ថែមលើសពីនេះ អាជ្ញាធរខេត្តស្វាយរៀង បានណែនាំបងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះអគ្គីភ័យដែលអាចបង្កដោយការប្រើប្រាស់ ភ្លើង អគ្គីសនី អុចផាវឬកាំជ្រួចជាដើម ជាពិសេសសូមកុំពិសារគ្រឿងស្រវឹង ក្នុងការបើកបរនិងត្រូវគោរពច្បាប់ចរាចរណ៍ផងដែរ៕