(សៀមរាប)៖ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ជាតំណាងរបស់លោកអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញជូន លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានអង្គភាព ច្រកចេញចូលតែមួយរបស់ខេត្ត និងមន្ត្រីរបស់ខេត្តផងដែរ។

លោក ថេន សំវិសុទ្ធ បានរៀបរាប់ជូនអំពីប្រភេទសេវា ដែលប្រៃសណីយ៍កម្ពុជា បាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋមានដូចជា៖

* សេវាបញ្ញើឆាប់រហ័ស EMS (សម្រាប់ឯកសារ និងទំនិញ) ក្នុង និងក្រៅប្រទេស
* សេវាប្រអប់ប្រៃសណីយ៍ (Post_Pack)
* សេវាបញ្ជូនលិខិតវិលជុំរបស់តុលាការ
* សេវារថយន្តប្រៃសណីយ៍ដឹកអ្នកដំណើរ (Postal VIP Van)
* សេវារថយន្តដឹកអ្នកដំណើរទៅ-មកសម្រាប់ក្រុងសៀមរាប និងព្រលានយន្តហោះអន្តរជាតិក្រុងសៀមរាប
* និងសេវាជាច្រើនផ្សេងទៀត។

ជាពិសេសទៀតនោះ គឺកិច្ចសហការរវាងប្រៃសណីយ៍កម្ពុជា ជាមួយសាលាខេត្ត និងអង្គភាពច្រកចេញចូលតែមួយ របស់ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់សេវាចែកចាយលិខិត ឬឯកសារជូនប្រជាពលរដ្ឋដល់ទីលំនៅ។

លោកអភិបាលរងខេត្តសៀមរាប មានចំណាប់អារម្មណ៍អំពីសេវា របស់ប្រៃសណីយ៍កម្ពុជា ដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ អាចជួយសម្រាលបន្ទុកចំណាយ របស់ប្រជាពលរដ្ឋ និងថែមទាំងចំណេញ ពេលវេលាទៀតផង។

លោកបានគាំទ្រ និងបានអនុញ្ញាតឲ្យប្រៃសណីយ៍កម្ពុជា ធ្វើការសហការជាមួយអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ។ លោកអភិបាលរង ក៏ស្នើឲ្យមានការរៀបចំ អនុស្សរណៈយោគយល់ សម្រាប់កិច្ចសហការគ្នារវាងសាលាខេត្តសៀមរាប និងប្រៃសណីយ៍កម្ពុជា៕