(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០២៣នេះ កម្ពុជាមានកន្លែងថែទាំកុមារសរុប២៧០កន្លែង។ នេះបើតាមរបាយការណ៍របស់ លោក ទៀវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទានក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤។

កន្លែងថែទាំកុមារ២៧០កន្លែងនោះ មានកុមារសរុបចំនួន ៩,០៥៣នាក់ ស្រី ៤,៦០១នាក់ ក្នុងនោះ កុមារអាយុពី ០-១៧ឆ្នាំ មានចំនួន ៧,០៧៩នាក់ ស្រី ៣,៥០៨នាក់ និងយុវជនមានអាយុចាប់ពី១៨ ឡើងមានចំនួន១,៩៧៤នាក់ ស្រី ១,០៩៣នាក់។

លោកបានបញ្ជាក់បន្ថែមថា កុមារដែលត្រូវបានធ្វើសមាហរណកម្ម ឬបង្រួបបង្រួម គ្រួសារ ឬកុមារចាកចេញពីមណ្ឌលថែទាំសរុបចំនួន ៩២៣នាក់។ កិច្ចការពារកុមារត្រូវ បានពង្រឹងតាមរយៈ ការធ្វើអធិការកិច្ចកន្លែងថែទាំកុមារ ការប្រើបច្ចេកវិទ្យា ដើម្បីកត់ត្រានិង គ្រប់គ្រងអត្តសញ្ញាណកុមារ ការអនុវត្តនីតិវិធីសុំកូនក្នុងស្រុក ការបើកយុទ្ធនាការនិងការ ផ្សព្វផ្សាយអំពី ការទប់ស្កាត់អំពើហិង្សាលើកុមារនៅ រាជធានី ខេត្ត និងតាមបណ្ដាញសង្គម ការដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចគ្រប់រូបភាពលើកុមារ ការរៀបចំ និងដាក់ឱ្យអនុវត្តនូវផែនការនានា និងការរៀបចំយន្តការទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីការពារឧត្តមប្រយោជន៍របស់កុមារ និងការលើកកម្ពស់សិទ្ធិកុមារ។

​ដោយឡែក ចំពោះការងារស្មុំកូនអន្តរប្រទេស ក្រសួងបានពិនិត្យ និង ផ្តល់ការអនុញ្ញាតឱ្យទីភ្នាក់ងារសុំកូនអន្តរប្រទេសចំនួន៣ ធ្វើប្រតិបត្តិស្មុំកូនអន្តរប្រទេស ទន្ទឹមនេះ ក្រសួងក៏ទទួលបានរបាយការណ៍ ស្តីពីស្ថានភាពកុមារដែលជាកូនសុំសរុបចំនួន ២៣២នាក់។ តាមរបាយការណ៍បង្ហាញថា កូនសុំសុទ្ធតែមានស្ថានភាពល្អប្រសើរ៕