(កណ្ដាល)៖ ក្រុមការងារជំនាញ បានបិទបញ្ចប់ការពិនិត្យផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) រួចរាល់ហើយ នៅទូទាំងខេត្តកណ្ដាលទាំង១៣ក្រុងស្រុក ក្រោយការខិតខំប្រឹងប្រឹងប្រែង របស់មន្ទីរអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់។

នេះជាមុខមាត់របស់ខេត្តដែលមានក្រុមការងារជំនាញ មានសកម្មភាពច្បាស់លាស់ក្នុងការអនុវត្តន៍នូវគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្រចបាននូវស្នាដៃដ៏ល្អពិសេសមួយនេះ។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធាន PWG និងជាប្រធានក្រុមការ​ងារ​ចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់​ខេត្ត បានថ្លែងថា អាជ្ញាធរក្រុង-ស្រុកទាំង ១៣ ត្រូវចុះពិនិត្យសង្កាត់ទាំង១០ របស់ខ្លួនធ្វើយ៉ាងណាឱ្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ហ្គារ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងសាលាសង្កាត់ ជាដើម ត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូប្រើប្រាស់បានគ្រប់គ្រាន់។

លោកបានបន្តថា ការចុះផ្ទៀងផ្ទាត់ (ODF+) លើកនេះ គឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ដើម្បីបញ្ជាក់អំពីសុក្រិតភាពនៃការអះអាងតាមរយ:សេចក្តីប្រកាសផ្ទៃក្នុង(ODF+) របស់រដ្ឋបាលក្រុងតាខ្មៅ-ស្រុកទាំង១៣ និងការផ្តល់កិត្តិយសប្រកបដោយគុណតម្លៃ ជូនប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានចូលរួមប្រតិបត្តិអនាម័យល្អ ស្របតាមគោលការណ៍ណែនាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ បន្ទាប់ពីការត្រួតពិនិត្យថ្នាក់ ភូមិ សង្កាត់ ក្រុង បានបញ្ចប់រួចជាស្ថាពរហើយ ក្រុមការងារថ្នាក់ជាតិនឹងចុះមកវាយតម្លៃថ្នាក់ខេត្តវិញម្ដង។

លោកបានបន្ថែមថា រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត បានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺសង្ឃឹមជឿជាក់ថា «ខេត្តកណ្តាលធ្វើបាន» ហើយធ្វើបានយ៉ាងល្អ ដើម្បីសម្រេចឱ្យបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកស្រី ជី ថាវី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា លោកស្រីបានដឹកនាំក្រុមការងារចុះធ្វើការងារនេះយ៉ាងផ្ចិតផ្ចង់បំផុត ពោលគឺធ្វើការច្បាស់លាស់ ម៉ត់ចត់ សំដៅសម្រេចឱ្យបានល្អបំផុតចំពោះការងារ (ODF+)នេះ។ សកម្មភាពនេះគឺធ្វើនៅគ្រប់ទីតាំងទាំងអស់នៅទូទាំងខេត្តកណ្ដាល ហើយការងារនេះអាចទៅរួច ក៏អាស្រ័យទៅលើអាជ្ញាធរមូលដ្ឋានផងដែរ និងអ្នកពាក់ព័ន្ធទាំងអស់បានសហការគ្នាល្អជាមួយក្រុមការងារ ចាប់ដៃគ្នាធ្វើការយ៉ាងសកម្មបំផុត ទើបអាចឈានដល់កម្រិតលទ្ធផលបានល្អបែបនេះ។

សូមជម្រាបថា អត្ថន័យ (ODF+) គឺជាការរៀបចំសណ្ដាប់ធ្នាប់អនាម័យកម្រិតខ្ពស់ ដើម្បីបញ្ជៀសការបន្ទោបង់ពាសវាលពាសកាល ពោលគឺគ្រប់ទីតាំង និងគ្រប់ខ្នងផ្ទះ ដែលតម្រូវឱ្យមានបន្ទប់អនាម័យល្អស្អាត និងមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់៕