(ព្រះវិហារ)៖ លោក យស ផានីត្តា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមបេក្ខជនសមាជិកព្រឹទ្ធសភាភូមិភាគទី៨ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ក្នុងខេត្តព្រះវិហារ ត្រូវបន្តធ្វើអំពើល្អជាមួយ ប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ ត្រូវឱ្យបានរហ័ស និងទាន់ពេលវេលា។

ការអំពាវនាវបែបនេះរបស់លោក យស ផានីត្តា បានធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកជ័យសែន ស្រុកឆែប ខេត្តព្រះវិហារ ដែលជាអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកស្រី ចឹក ហេង សមាជិកព្រឹទ្ធសភា, លោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សខេត្តខេត្តព្រះវិហារ, លោក មិន សុីថា សមាជិកគណៈកម្មាធិការគណបក្សខេត្ត, លោក ច័ន្ទ សុភ័ក្រ្តា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក យស ផានីត្តា បានថ្លែងការសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះកាជួបជុំនាពេលនេះ រវាងតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដូចគ្នា។ លោកថាការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតពីរប្រភេទ គឺតំណាងរាស្រ្តក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់។

លោក យស ផានីត្តា បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា មានការបោះឆ្នោត២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតបែបសកល គឺមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ដោយឡែកការបោះឆ្នោតបែបអសកល មានដូចជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។

លោកបញ្ជាក់ថា នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩មក ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមានអាណត្តិចំនួន៦ឆ្នាំ មានចំនួន៤លើករួចមកហើយ ហើយការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

លោក យស ផានីត្តា ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព និងរក្សាឱ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព។ ចំណែកឯអង្គបោះឆ្នោតត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំែណាងរាស្រ្តក្នុងតំណែង អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

សូមបញ្ជាក់ថា សម្រាប់សមាជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកជ័យសែន ដែលជាអង្គបោះឆ្នោតមានចំនួន៣២នាក់ និងសមាជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកឆែប ដែលជាអង្គបោះឆ្នោតមានចំនួន៣៥នាក់។ លោក យស ផានីត្តា បានឧបត្ថម្ភថវិកាដល់អង្គបោះឆ្នោតក្នុងម្នាក់ៗចំនួន៥មុឺនរៀល និងលោកស្រី ចឹក ហេង បានឧបត្ថម្ភកំប៉ុងដាក់ទឹកក្តៅម្នាក១ផងដែរ៕