(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគូស​រំ​លេច​ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញកញ្ចប់ជាតិជាង ១៤០០លានដុល្លារអាមេរិក ឧបត្ថម្ភដល់ប្រជាពល​រដ្ឋកំលុងពេលពួកគាត់ជួបវិបត្តិផ្សេងៗ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹក​ថ្ងៃ​ចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ជា សុមេធី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅក្នុងនីតិ​កាលចាស់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងក្នុងនីតិកាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាព និងផលលំបាកនានារបស់ប្រជាពលរដ្ឋ ។ ដើម្បីដោះស្រាយការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋ ជាពិសេសនៅពេលសង្គមជួបការរាតត្បាត​ជំងឺកូវីដ-១៩ វិបត្តិអតិផរណា ក៏ដូចជាគ្រោះមហន្តរាយនានា រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជាតិ​ជាបន្តបន្ទាប់ជួយអន្តរាគមន៍ដល់ផលប៉ះពាល់របស់ពួកគាត់។

បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា កំលុងពេលកម្ពុជាជួបនូវវិបត្តិនានានេះ រាជរដ្ឋាភិបាលបានបញ្ចេញ​កញ្ចប់ថវិកា​សរុបជាង ១៤០០លានដុល្លារលើកម្មវិធីជំនួយសង្គមចំនួន៥។ កម្មវិធីជួយសង្គមទាំង​៥នោះ​រួមមាន៖

១៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ម៉ឺននាក់ ចំណាយថវិកា ៣២លានដុល្លារ។ កម្មវិធីនេះ ជាកម្មវិធី​អចិន្ត្រៃយ៍​។

២៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ​-១៩ ដោយអនុវត្តបាន ចំនួន ៤២លើក គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ និងបានបើកផ្ដល់ដល់​គ្រួសារក្រីក្រក្នុងវង្វង់ ៧១ម៉ឺនគ្រួសារ ដោយចំណាយថវិកាអស់ប្រមាណជាង ១,៣០៦លានដុល្លារ។

៣៖ ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជា​ពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ ២០២១» ដែល បានអនុវត្តពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ និងបានបិទបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២១ និងបានបើក​ផ្ដល់​ដល់អ្នកទទួលផលចំនួន ១២៩,៦៦៦គ្រួសារ ដោយចំណាយថវិកាចំនួន ៦.៦៨លានដុល្លារ។

៤៖ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធរពីគ្រោះ​ទឹក​ជំនន់ ដែលបានអនុវត្តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបើកផ្ដល់ដល់អ្នកទទួលផលសរុបចំនួន ៩៩,១៦៩គ្រួសារ ដោយចំណាយថវិកាសរុប ១១.៧០លានដុល្លារ។

៥៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាដែល បាន​ចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៤៩៥,៣០៧គ្រួសារ ដោយចំណាយថវិកាចំនួន ៤៤លានដុល្លារ។

ក្នុងពិធីបើកសន្និបាតនាព្រឹកមិញនេះ លោករដ្ឋមន្ត្រី ជា សុមេធី បានគូសរំលេចផងដែរពីតួនាទីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការចូលរួមចំណែកយ៉ាងក្នុងការអនុវត្តគោល​នយោ​បាយ​​អាទិភាពរបស់រាជរដ្ឋាភិបាល ពិសេសទាក់ទងគោលនយោបាយអាទិភាពទី២ គឺការបណ្តុះ​បណ្តាល​​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​នៅទូទាំងប្រទេស និងគោលនយោបាយទី៣ គឺការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់​គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ក្នុងគ្រាមាន​វិបត្តិ​សេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដែលមានមូលនិធិជាតិជំនួយសង្កម គឺជាប្រតិបត្តិករអនុវត្ត​កម្ម​វិធី​​ជាតិ​ជំនួយ​សង្គម​របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បានបង្ហាញផងដែរថា បច្ចុប្បន្នក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដើរតួនាទីដ៏សំខាន់អនុវត្ត «កម្មវិធី​ជាតិ​ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «កម្មវិធី​កិច្ច​គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែល​ប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌​ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារគឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដោយសំយោគ​កម្មវិធី​ដែល​មានស្រាប់ រួមផ្សំនឹងកម្មវិធីថ្មីបន្ថែម ដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដោយប្រកាន់ភ្ជាប់នូវគោល​ការណ៍​បរិយាបន្ន និងសមធម៌ ព្រមទាំងការចៀសវាងបានការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់ចំណូល​សម្រាប់​គ្រួសារដែលមានបណ្ណសមធម៌ទាំងអស់ ក៏ដូចជាគិតគូរដល់សមាជិកគ្រួសារដែល​រស់នៅជា​មួយ​មេរោគ និងជំងឺអេដស៍។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌​ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤៕