(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រក្សាការអត់ធ្មត់កម្រិតខ្ពស់ចំពោះ ទង្វើរបស់សាធារណៈរដ្ឋកូរ៉េខាងជើង ដែលបានធ្វើការបាញ់បង្ហោះមីស៊ីលយោធា កាលពីថ្ងៃពុធ សប្តាហ៍មុននេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃចន្ទ ទី ២៩ ខែសីហា ឆ្នាំ២០១៦។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោកស្រី Hua Chunying បានធ្វើសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ ដើម្បីជាការឆ្លើយតបទៅកាន់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលបានធ្វើការថ្កោលទោសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ចំពោះការបាញ់បង្ហោះគ្រាប់មីស៊ីល ដែលបានចោទប្រកាន់ថា វាជា«ការរំលោភយ៉ាងធ្ងន់ធ្ងរ» ចំពោះដំណោះស្រាយដែល UN បានដាក់ចេញកន្លងមក។
បន្ថែមពីនេះទៀត លោកស្រី Hua Chunying បានមានប្រសាសន៍ទៅកាន់ប្រទេសពាក់ព័ន្ធមួយចំនួន ឲ្យមានការអត់ធ្មត់ ដោយមិនគួរមានសកម្មភាពអ្វីទាំងអស់ចំពោះបញ្ហាមួយនេះ ដោយទុកឲ្យ អង្គការសហប្រជាជាតិជាអ្នកសម្រេចចិត្ត។ កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីល SLBM ចេញពីនាវាមុជទឹកដោយជោគជ័យកាលពីសប្តាហ៍មុន បាននាំឲ្យកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ថ្កោលទោស ព្រមទាំងស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាបន្ទាន់ផងដែរ៕