(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មូលនិធិជនពិការតាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងអង្គការដៃគូ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនមានពិការភាពសរុប ៦០ ៧៣៧នាក់ ក្នុងនោះសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ២៤ ៦៦៣នាក់ និងស្តារលទ្ធភាពពលកម្មបែបវេជ្ជសាស្ត្រ ៣៦ ០៧៤នាក់។

នេះបើយោងតាមរបាយការណ៍សង្ខេបរបស់ លោក ទៀវ សុគន្ធ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទាន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពស្ថិតក្រោមសមត្ថកិច្ចក្រសួង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិផងដែរ។

លោក ទៀវ សុគន្ធ បានបញ្ជាក់ថា ទន្ទឹមនេះជនមានពិការភាពចំនួន ៨ ៥០៥នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាម សហគមន៍មូលនិធិជនពិការបានកៀរគរថវិកាតាមរយៈការដាក់ហិបមូលនិធិជនពិការនៅតាមរាជធានី ខេត្ត ចំនួន ៥៩៤ហិប ប្រមូលបានថវិកាសរុបចំនួន ១៨៥ ៥៦៥ ៦០០រៀល និងបានសាងសង់ផ្ទះជូនជនមានពិការភាពក្រីក្រចំនួន ៩ខ្នង។

ដោយឡែក ក្រសួង ស្ថាប័ន និងនីតិបុគ្គលដែលមិនបានជ្រើសរើសជនមានពិការ ភាពចូលបម្រើការងារបានស្ម័គ្រចិត្តបង់ប្រាក់ពិន័យអន្តរការណ៍ជូនមូលនិធិជនពិការសរុបចំនួន ១ ២៤៧ ១៩៥ ០១៤រៀល៕