(អ៉ីរ៉ាក់)៖ បើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមឧទ្ទាម ISIS បានអះអាង សមាជិករបស់ខ្លួន ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ និងធ្វើឲ្យរបួស១៦នាក់ នៅក្នុងពិធីរៀបការមួយ នៅជិតទីក្រុង Kerbala ជាទីក្រុងសក្តិសិទ្ធិរបស់ក្រុម Shiite កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។
ក្រុមអ្នកលុកលុយ៥នាក់ ក្នុងនោះរួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតផងដែរ បានធ្វើការវាយប្រហារ នៅក្នុងពិធីរៀបការមួយ ក្នុងតំបន់ Ain al-Tamr ភាគខាងលិចទីក្រុង Kerbala ស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីរ៉ាក់, ដោយពួកគេបានបាញ់រះដោយកាំភ្លើងយន្ត និងបោះគ្រាប់បែកដៃ ចូលទៅក្នុងពិធីផងដែរ។ នេះបើតាមការបញ្ជាក់ពីក្រុមប៉ូលិស។
ក្រុមអ្នកវាយប្រហារទាំងអស់ ត្រូវបានសម្លាប់ ដោយក្រុមកងកម្លាំងសន្តិសុខ។ ការបំផ្ទុះគ្រាប់បែកនេះ គឺជាលើកដំបូងហើយ នៅក្នុងទីក្រុង Kerbala ចាប់តាំងពីកងកម្លាំងអ៉ីរ៉ាក់ វាយបណ្តេញក្រុមឧទ្ទាម ISIS ចេញពីបន្ទាយរបស់ពួកគេ នៅក្នុងតំបន់ Falluja មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីក្រុង Kerbala៕