(ភ្នំពេញ)៖ ស្រ្តីខ្មែរទាំង០៣នាក់ បំរើការងារនៅប្រទេសចិន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ២៣៖១៥នាទី តាមជើងយន្តហោះលេខ MU 759។ ការត្រលប់មកវិញនេះ បានធ្វើឡើង ក្រោយពីមានអន្តរាគមន៍ ពីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន សហការជាមួយអាជ្ញាធរចិន។
ស្ត្រីខ្មែររងគ្រោះ ទាំង៣រូបនោះរួមមាន៖
១. ឈ្មោះ ផុន ម៉ាន់ អាយុ ២០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៥ ឆ្លងកាត់តាមប្រទេសវៀតណា និងបានទៅរស់នៅ ជាមួយប្តី ក្នុងខេត្ត ជាំងស៊ី ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុ ដែលចង់ត្រឡប់ មកស្រុកកំណើតវិញ គឺដោយសាររស់នៅ មិនចុះសម្រុងគ្នាជាមួយប្តី។
២. ឈ្មោះ ជឹម ណាវី អាយុ ១៥ឆ្នាំ មកពីខេត្តកំពង់ចាម ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តអានហួយ ដោយពុំមានចុះលិខិត អាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែលចង់ត្រឡប់មកស្រុកកំណើតវិញ គឺដោយសារប្តីបិទសិទ្ធិសេរីភាព ឱ្យនៅតែក្នុងផ្ទះ ។
៣. ឈ្មោះ គី ចាន់នី អាយុ ១៥ឆ្នាំ មកពីខេត្តព្រៃវែង ត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិន កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៦ ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តី ក្នុងខេត្ត អានហួយ ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ សាមីខ្លួន បានបញ្ជាក់ថា មូលហេតុដែលចង់ត្រឡប់មកស្រុក កំណើតវិញ គឺដោយសាររស់នៅមិនចុះសម្រុងគ្នា ប្ដីបិទសិទ្ធិសេរីភាពឱ្យនៅតែក្នុងផ្ទះ ។
គួរបញ្ជាក់ថា កំឡុងពេល រង់ចាំការវិលត្រឡប់មកកម្ពុជា ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ-ហូបចុក ដល់ស្ត្រីរងគ្រោះទាំង០៣រូប នេះ ផងដែរ៕