(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចំនួន១៣០នាក់ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះពិនិត្យព្យាបាលជំងឺ វះកាត់តូច ចែកឱសថ និងចាក់វ៉ាក់សាំងពីដូសទី១ដល់ដូសទី៦ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន៨២៩នាក់ នៅវត្តតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សកម្មភាពនេះដឹកនាំដោយលោក កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដោយសហការជាមួយលោក ហុក គ្រី អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មន្ទីរពេទ្យខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យវះកាត់តូចនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរឃុំ-ស្រុកដែលពាក់ព័ន្ធ។
លោក កែរ រដ្ឋា បានលើកឡើងថា ក្នុងរយៈពេល១២ឆ្នាំ (២ ធ្នូ ឆ្នាំ២០១២ ដល់ ៤ កុម្ភៈ ឆ្នាំ២០២៤) ក្រោមការដឹកនាំដោយផ្ទាល់របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន១២,០៦៩នាក់ ក្នុងនោះស្ត្រីមានចំនួន៦,៤៩៥នាក់ ដឹកនាំសម្របសម្រួលដោយលោក លេង ផាលី បានបំពេញបេសកកម្មទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺ និងផ្តល់សេវាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនគិតនិន្នាការនយោបាយ ជាតិសាសន៍ឡើយ។
លោកបានបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងស្ម័គ្រចិត្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងឥតគិតថវិកា គិតតាំងពីចាប់ផ្តើមដំបូងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់បច្ចុប្បន្នបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង២៥រាជធានី-ខេត្ត បានចំនួន១១,៨៩០,១៦៤ដូស។
គួរជម្រាបថា ក្នុងឱកាសនោះដែរ មានអ្នកមីងម្នាក់មានជំងឺមហារីកសុដន់ មានបណ្ណក្រីក្រ ប៉ុន្តែមិនថវិកាសម្រាប់ធ្វើដំណើរ និងចំណាយសម្រាប់ទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យថ្នាក់ជាតិ ក្រុមការងារបានឧបត្ថម្ភថវិកា រួមមាន លោក កែរ រដ្ឋា ៥០ដុល្លារ លោកស្រី ហង់ លីណា ២០ម៉ឺនរៀល លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី ២០ម៉ឺនរៀល៕