(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិល បានសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះបុគ្គល ឬស្ថាប័ន អង្គការ សមាគម ដែលធ្វើសកម្មភាពរបស់ខ្លួនជ្រុលនិយមដែលជាចរិតនយោយបាយ មិនបានហុចប្រយោជន៍ជូនសង្គម ជាតិ ជាក់ស្តែងមានមន្ត្រីសមាគម អាដហុក (Adhoc) លោក ស៊ឹង សែន ករុណា ដែលបានប្រើពាក្យសម្ដីប្រមាថដល់គណបក្សកាន់អំណាចទង្វើរបស់បុគ្គលរូបនេះ គឺបង្កើតឡើងក្នុងគោលនយោបាយ ភូតភរកុហក ប្រជាភិថុត បោកបញ្ឆោតប្រជាជនទូទៅឲ្យជឿ លង់មនោគមវិជ្ជាខ្មៅកខ្វក់ដែលអាចឈានទៅបង្ហោះឲ្យកើតវិទ្ធង្សនាជាមួយរាជរដ្ឋាភិបាលជាដើម។
ក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ការបង្កើតបញ្ហា និងធ្វើសកម្មភាពផ្សេងៗរបស់នយោបាយក្រុមប្រឆាំងឬក្រុមសង្គមស៊ីវិល (NGOs) ដែលជ្រុលនិយម គឺបានកើតមានរាប់សិបឆ្នាំមកនេះ មិនដែលបានផ្តល់ផលចំណេញដល់ជាតិ មាតុភូមិនោះទេ ប៉ុន្តែបែរជាធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍជាតិ បំផ្លាញវប្បធម៌នយោបាយ ល្អៗហើយបង្កើតនូវវប្បធម៌នយោបាយអាក្រក់ក្នុងរូបភាពដដែលៗ ដើម្បីបោកបញ្ឆោត បោកប្រាស់ដល់ប្រជាពលរដ្ឋខ្មែរទៅវិញ។
ក្រុមយុវជនសង្គមស៊ីវិល សូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន សិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការ សូមធ្វើការគាំទ្រស្ថានប័ន ពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលមន្ត្រីសមាគមរូបនេះ មកដាក់ទោសទណ្ឌតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រ កម្ពុជា ខណៈដែល ករណីនេះគឺជាមេរៀនមួយទៀតសម្រាប់បុគ្គលដែលកំពុងជ្រកក្រោមឈ្មោះអង្គការ សមាគម សង្គមស៊ីវិល មួយចំនួនគួរកុំយកខ្លួនបៀត និងកុំយកគំរូដូចបុគ្គលរូបនេះឱ្យសោះ។
ជាចុងក្រោយក្រុមយុវជនសង្គមស៊ីវិល សូមអំពាវនាវដល់មហាជនកុំបណ្តោយខ្លួនឲ្យជាក្លាយជាឈ្នាន់នយោបាយរបស់ក្រុមសង្គមស៊ីវិល ជ្រុលនិយម ដែរអាចបណ្តាលឲ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសយើង រួបរួមគ្នាដើម្បី កម្ចាត់ នយោបាយខ្មៅកខ្វក់ជ្រុលនិយមឲ្យចេញផុតពីកម្ពុជា៕