(ភ្នំពេញ)៖ គណៈឱសថការីកម្ពុជា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈឱសថការី ជូនដល់សមាជិកឱសថការីរាជធានីភ្នំពេញ។ កម្មវិធីនេះ រៀបចំឡើងនៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីលោកសាស្រ្តាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី២ ក្រុមប្រឹក្សាគណៈឱសថការីជាតិ តំណាងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈឱសថការីជាតិជាតិ អាណត្តិទី២។

នៅក្នុងឱកាសនោះ លោកសាស្រ្តាចារ្យជំនួយ វ៉ា សុខគា បានលើកឡើងថា បានរៀបចំកម្មវិធីនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពីដែនកំណត់វិជ្ជាជីវៈរបស់ឱសថការី នៅក្នុងវិស័យវេជ្ជសាស្រ្ត ដោយបានកំណត់ក្នុងសៀវភៅនិយាមវិជ្ជាជីវៈឱសថការី និងដែនកំណត់វិជ្ជាជីវៈឱសថការី។

លើសពីនេះ លោកបានរំលឹកដល់ឱសថការី ត្រូវគោរពដែនកំណត់វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យប្រឈមទៅនឹងផ្លូវច្បាប់ក្នុងករណីឱសថការីប្រព្រឹត្តិខុសវិជ្ជាជីវៈ។ ឱសថការីត្រូវចូលរួមលុបបំបាត់ឱសថណា ដែលនាំប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកបានថ្លែងយ៉ាងដូច្នេះថា «យើងចង់ពង្រឹងសមត្ថភាពឲ្យឱសថការីរបស់យើងយកចិត្តទុកដាក់ រៀនសូត្របន្ដអំពីលិខិតបទដ្ឋានគតិយុត្តិ និងច្បាប់នានា ស្ដីពីការគ្រប់គ្រង់ឱសថ ក៏ដូចជាគ្រប់គ្រងអ្នកប្រកបមុខរបរវិជ្ជាជីវៈដែរ។ កម្មវិធីថ្ងៃនេះនឹងផ្ដល់ចំណេះដឹងដល់ប្អូនៗ ដោយមានការគាំទ្រពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងការបណ្ដុះបណ្ដាលនៅថ្ងៃនេះ ដើម្បីឲ្យពួកគាត់កាន់តែភ្លឺច្បាស់ ព្យាយាមស្វែងយល់បន្ថែមដោយខ្លួនឯងបន្ថែមទៀត ទៅលើដែនកំណត់វិជ្ជាជីវៈឱសថការីជៀសវាងការប្រព្រឹត្តឆ្លង ឬឈ្លានពានដែនវិជ្ជាជីវៈ»

ជាមួយគ្នានេះ លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានឱសថដ្ឋានចំនួនជាង១ពាន់ ទទួលបានការអនុញ្ញាតបើកអាជីវកម្មពីមន្ទីរសុខាភិបាលរាធានីភ្នំពេញ ហើយឱសថដ្ឋានទាំងនោះ បំពេញភារកិច្ចបានល្អផងដែរ។

សូមជម្រាបថា ដែនកំណត់វិជ្ជាជីវៈឱសថការី សំដៅដល់សកម្មភាព និងការសម្រេចចិត្តក្នុងការថែទាំ និងសេវាថែទាំឱសថសាស្រ្ត ដែលបានតម្រូវឲ្យឱសថការី មានគុណវុឌ្ឍិ និងអាជ្ញាបណ្ណឱសថការី បំពេញការងារដោយមានស្វ័យភាព និងមានគណនេយ្យភាពចំពោះលក្ខណៈដែលបានកំណត់៕