(ព្រះវិហារ)៖ លោក យស ផានីត្តា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមបេក្ខជនសមាជិកព្រឹទ្ធសភាភូមិភាគទី៨ ដោយមានការចូលរួមពីលោកស្រី ចឹក ហេង លោក អ៊ុក គឹមសាន លោកព្រហ្ម ផេង នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅស្រុករវៀង និងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

លោក យស ផានីត្តា បានថ្លែងនូវការសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះកាជួបជុំនាពេលនេះ រវាងតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដូចគ្នា។ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតពីរប្រភេទ គឺតំណាងរាស្រ្តក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់។

លោក យស ផានីត្តា បានថ្លែងគូសបញ្ជាក់ថា៖នៅកម្ពុជាមានការបោះឆ្នោត ២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតបែបសកល គឺមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ដោយឡែកការបោះឆ្នោតបែបអសកល មានដូចជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៩មក ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមានអាណត្តិចំនួន៦ឆ្នាំ មានចំនួន៤លើករួចមកហើយ ហើយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

លោក យស ផានីត្តា ក៏បានថ្លែងផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព និងរក្សាឱ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព។ចំណែកឯអង្គបោះឆ្នោតត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្រ្តក្នុងតំណែង អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ៕