(សិង្ហបុរី)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ (The 4th ASEAN Digital Ministers’ Meeting – ADGMIN) ចាប់ពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ។
កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាននេះមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីបានជួបប្រជុំទ្វេភាគីជាមួយប្រទេសថៃ ប្រទេសជប៉ុន ប្រទេសសិង្ហបុរី សហភាពទូរគមនាគមន៍អន្តរជាតិ និងប្រទេសទីម័រខាងកើត។
បន្ថែមលើនេះ លោករដ្ឋមន្ត្រីក៏បានចូលរួមក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024) ដែលរៀបចំដោយប្រទេសសិង្ហបុរី ហើយជាមោទកភាពរបស់កម្ពុជានោះ គឺថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឈ្នះមេដាយមាស (Gold Medal) ក្នុងការប្រកួតប្រជែងពានរង្វាន់ដ៏មានអត្ថន័យក្នុងកម្រិតតំបន់នេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) គឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិស័យឌីជីថល ឬ ICT នៃតំបន់អាស៊ាន ដែលមានគោលដៅសំខាន់ធ្វើឲ្យអាស៊ានក្លាយជាសហគមន៍ឌីជីថលឈានមុខគេ និងជាប្លុកសេដ្ឋកិច្ច ដំណើរការដោយសេវាកម្មឌីជីថល បច្ចេកវិទ្យា និងប្រព័ន្ធអេកូឡូស៊ី ដែលមានសុវត្ថិភាព និងបរិវត្តកម្ម ស្របតាមផែនការមេឌីជីថលអាស៊ាន៕