(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ភាគីវៀតណាមថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកទំនាក់ទំនងជាមួយវៀតណាម គឺជាទំនាក់ទំនងដ៏មានសារៈសំខាន់ ហើយកម្ពុជាបានប្រឹងប្រែងខ្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ដើម្បីបានព្រំដែនមួយដែលមានសន្តិភាព និង មិត្តភាព។
ការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងក្នុងពេលដែលរូបលោកអនុញ្ញាតឲ្យ លោក ឡឺ ហៃទ្រុង អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ជុំ សុន្ទរី បានដកស្រង់សម្តី លោក ប្រាក់ សុខុន មកបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា «ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកទំនាក់ទំនងជាមួយវៀតណាម មានទំនាក់ទំនងសំខាន់បំផុត និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីធានាបាននូវសន្តិភាព ស្ថេរភាព និងទំនាក់ទំនងមិត្តភាព ឲ្យល្អប្រសើររវាងប្រទេសទាំងពីរ»។
អនុរដ្ឋមន្រ្តីក្រសួងការប្រទេស លោក ឡឺ ហៃទ្រុង ក៏បានបញ្ជាក់តបវិញថា ថ្នាក់ដឹកនាំវៀតណាម ក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងជាមួយកម្ពុជាផងដែរ ហើយចាត់ទុកទំនាក់ទំនងជាមួយកម្ពុជាជារឿងសំខាន់។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី។
លោក ប្រាក់ សុខុន ក៏បានរំពឹងផងដែរថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាមមកកម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំ CLMV នៅប្រទេសវៀតណាម នឹងជួយពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឲ្យកាន់តែល្អប្រសើរថែមទៀត ហើយក៏ជួយលើកស្ទួយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
ក្នុងកិច្ចប្រជុំនេះ ទាំងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ឡឺ ហៃទ្រុង សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការព្រំដែនកម្ពុជា-វៀតណាម ដែលបានខិតខំប្រជុំរួមគ្នា ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មការព្រំដែនកម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំរួមគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
បើតាមលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ចប្រជុំប្រមាណ ៦ម៉ោងនោះ ភាគីទាំងពីរបានពិភាក្សាពីការចាប់ផ្តើមដំណើរការបោះបង្គោលព្រំដែននៅឆ្នាំ២០១៧ ព្រមទាំងការសង់សំណង់នានា នៅតាមព្រំដែនកម្ពុជា-វៀតណាម ដូចការដែលបានលើកឡើងក្នុងកំណត់ទូតផ្ញើទៅកាន់វៀតណាម កាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅនេះ។
តែទោះជាយ៉ាងណាវៀតណាមនៅតែព្យាយាមអះអាងថា អ្វីដែលពួកគេបានសាងសង់នោះ គឺស្ថិតនៅលើទឹកដីរបស់ពួកគេ។ ប៉ុន្តែក្រោយពីមានការតវ៉ាខ្លាំងពីកម្ពុជានៅក្នុងកិច្ចប្រជុំនាព្រឹកមិញនេះភាគីវៀតណាមបានសន្យាថា នឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយក្រសួងពាក់ព័ន្ធរបស់ពួកគេ។
បើទោះបីជាយ៉ាងណាកិច្ចប្រជុំនាព្រឹកមិញនេះ គណៈកម្មការព្រំដែនប្រទេសទាំងពីរមិនទាន់បានសម្រេចជាលទ្ធផលរួមនៅឡើយទេ ដោយពួកគេរង់ចាំការធ្វើកំណត់ហេតុ និងការសម្រេចលើកំណត់ហេតុនោះពីអ្នកពាក់ព័ន្ធជាមុនសិន។
សូមបញ្ជាក់ផងដែរថា កម្ពុជា និងវៀតណាម មានព្រំដែនជាប់គ្នាប្រវែងជាង ១ពាន់គីឡូម៉ែត្រ ហើយបច្ចុប្បន្នប្រទេសទាំងពីរបោះបង្គោល ព្រំដែនជាមួយគ្នាបានជាង ៨៣ភាគរយហើយ៕