(បន្ទាយមានជ័យ)៖ បុរសដែលពូកែដេញកាប់អ្នកភូមិនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនខ្លួនទៅតុលាការពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ជនសង្ស័យរូបនេះមានឈ្មោះ សូយ សារី អាយុ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

លោករវសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់នេះ តាមពាក្យបណ្ដឹងឈ្មោះ ហូ ស្រីភូត ភេទស្រី ដែលបានប្រព្រឹត្តបទអំពើហិង្សាលើដើមបណ្ដឹងកាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ១-កាំបិតខ្វែវដងឈើប្រវែង៦៣សង់ទីម៉ែត្រ ចំនួន១ដើម ២-កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ប្រវែង២៩សង់ទីម៉ែត្រ ចំនួន១ដើម។

ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំបិតខ្វែវ និងកូនកាំបិតចុងស្រួច កាប់និងចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកនៅពេលខ្លួនដើរតាមផ្លូវ ឱ្យតែជួបមនុស្សជិះម៉ូតូ ឬដើតាមផ្លូវ ខ្លួនតែងតែដេញកាប់គេ និងស្រែកគំរាមទៀតផង។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕