(ភ្នំពេញ)៖ ប្រជាពលរដ្ឋចិនដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា បានបង្ហាញអារម្មណ៍នឹកដល់ស្រុកកំណើត ក្នុងពេលចូលរួមកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ។ ជាការនឹករលឹក នៅពេលដែលកម្មវិធីនេះ បានរៀបចំឡើង ក្នុងរូបភាពបង្ហាញពីទិដ្ឋភាពដូចទៅនឹងបុណ្យចូលឆ្នាំចិន នៅឯកស្រុកកំណើតរបស់ពួកគេដែរ។

កញ្ញា Cai Vinping ដែលជាគ្រូបង្រៀនស្ម័គ្រចិត្ត ភាសាចិន ប្រចាំនៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួមដាក់តាំងបង្ហាញសៀវភៅ និងសម្ភារផ្សេងៗទៀត ដែលបង្ហាញពីអត្តសញ្ញាណប្រពៃណីចិន ក្នុងកម្មវិធីនេះ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ការរៀបចំនេះគឺពិតជាមានអត្ថន័យណាស់សម្រាប់កញ្ញា ដោយសារតែបានធ្វើឲ្យកញ្ញានឹកក្រុមគ្រួសារនៅស្រុកចិន យ៉ាងខ្លាំង។

«ដូច្នេះ ខ្ញុំគិតថា ជាល្ងាចប្រកបដោយអត្ថន័យ សម្រាប់ខ្ញុំ ក្នុងនាមជាពលរដ្ឋចិនម្នាក់» កញ្ញាបានបញ្ជាក់ទៀត ក្នុងកម្មវិធីនេះ កញ្ញាបានចូលរួមជួយណែនាំឲ្យអ្នកចូលរួម បានអានសៀវភៅជាភាសាចិន និងភាសាខ្មែរផងដែរ ហើយក៏មានការបង្ហាញវប្បធម៌រវាង ប្រទេសទាំងពីរទៀតផង ជាពិសេស បង្ហាញពីមិត្តភាពរវាងកម្ពុជានិងចិន។ «មិត្តភាពនេះកាន់តែរឹងមាំ ខ្ញុំសូមជូនពរមិត្តភាពរវាងចិននិងកម្ពុជា នឹងកាន់តែត្រូវបានពង្រឹង ហើយយល់ពីគ្នា កាន់តែច្រើន ហើយសម្រាប់ខ្ញុំផ្ទាល់ ក៏ខិតខំបំពេញការងារក្នុងប្រទេសកម្ពុជា ឲ្យកាន់តែសកម្ម»

ដោយសារតែឆ្នាំ២០២៤ គឺជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កញ្ញា Cai Vinping សូមអញ្ជើញទេសចរចិនមកកម្សាន្ត នៅកម្ពុជាកាន់តែច្រើន ដោយសារតែកម្ពុជាគឺជាប្រទេសដែលមានប្រវត្ថិសាស្ត្រដ៏យូរអង្វែង ប្រចាំតំបន់ ដូចប្រទេសចិនដែរ ដូច្នេះ កញ្ញាជឿជាក់ថា ពលរដ្ឋចិនពិតជាចង់មកស្វែងយល់ពីកម្ពុជា ជាពិសេស «អង្គរវត្តដ៏អស្ចារ្យ» ទាក់ទាញចិត្តអ្នកទស្សនា មកពីប្រទេសចិន។

រីឯ កញ្ញា Ella ដែលបានធ្វើជាពិធីការិនី ជនជាតិចិន ក្នុងកម្មវិធីនេះបានប្រាប់ដែរថា កញ្ញាពិតជារំភើបខ្លាំងណាស់ ដែលបានចូលរួមកម្មវិធី ដោយសារតែបាន ធ្វើឲ្យកញ្ញានឹកស្រុកកំណើតជាខ្លាំង។ «ខ្ញុំបានចាកចេញពីស្រុកកំណើតរបស់ខ្ញុំ ប្រមាណ៤ឆ្នាំហើយ ដូច្នេះ ក្នុងពេលចូលរួមកម្មវិធីនេះ ធ្វើឲ្យខ្ញុំនឹកស្រុកកំណើតណាស់ ប៉ុន្តែនៅកម្ពុជា ក៏ដូចជា ភ្នំពេញ ខ្ញុំសប្បាយចិត្ត ដោយសារតែប្រជាជនកម្ពុជារួសរាយរាក់ទាក់ ហើយមិត្តរួមការងារពិតជាគួរឲ្យរាប់អាន»

ក្នុងឱកាសរៀបចំពិធីបុណ្យចូលឆ្នាំចិន នៅទីនេះ កញ្ញាក៏ជូនពរដល់ស្រុកកំណើតនិងប្រទេសចិនកាន់តែរុងរឿង និងរីកចម្រើន ហើយប្រជាជនចិននឹងមានសុភមង្គល ស្រស់ស្អាត និងសំណាងល្អក្នុងជីវិត។ កញ្ញាក៏សង្ឃឹមថា ការរៀបចំនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរ បានយល់ដឹងច្រើនបន្ថែមទៀត អំពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសចិន តាមរយៈការអញ្ជើញទទួលទានអាហារប្រពៃណី ដ៏ឆ្ងាញ់ពិសាររបស់ចិន។ កញ្ញាជឿជាក់ថា ការរៀបចំនេះនឹងចូលរួមចំណែក ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងចិននិងកម្ពុជា។

ក្រៅពីអាហារ ក្នុងកម្មវិធីនេះ ក៏មានការសរសេរ «អក្សរឆ្លាក់ចិន» ហើយការសរសេរអក្សរ ដែលមានប្រវត្ថិរាប់ពាន់ឆ្នាំនេះ គឺជាការជូនពរឆ្នាំថ្មី ឲ្យមានសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា នេះបើតាមកញ្ញា Ella ដដែល។

គួរបញ្ជាក់ថា កម្មវិធីអបអរសាទរ «ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន» ឆ្នាំ២០២៤ ដែលធ្វើឡើងនៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ពេលនោះ ទទួលបានការគាំទ្រដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា និង រៀបចំឡើង ដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ទាំងជនជាតិចិន និងជនជាតិខ្មែរ ដែលមានទាំងប្រជាពលរដ្ឋសាមញ្ញធម្មតា អ្នកធ្វើការងារ និងអ្នកជំនួញ បានចូលរួមលេងកម្សាន្ត ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ នាមាត់ទន្លេដ៏ស្រស់ស្រាយ។ ក្រៅពីអាហារ និងអក្សរឆ្លាក់ចិន ក៏មានការលេងល្បែងកម្សាន្ត ដែលជាប្រពៃណីចិន ជាច្រើនទៀតដែរ ហើយ នាពេលល្ងាច មន្ត្រីជាន់ខ្ពស់នៃស្ថានទូតចិន និង មន្ត្រីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសបើករួមគ្នា ទៀតផង។

កម្មវិធីអបអរសាទរ «ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន» ឆ្នាំ២០២៤ បែបនេះ ក៏កំពុងរៀបចំឡើង នៅផ្សារទំនើបអូឡាំព្យា នារាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកុម្ភៈនេះផងដែរ៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន