(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា រៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់រវាងបេះដូងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ប្រកបដោយភាពស្និទ្ធស្នាល។

ថ្លែងក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈឆ្នាំ ២០២៤នៅសួនកម្សាន្តកោះពេជ្រ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ក្នុងអំឡុង នៃពិធីបុណ្យចូលឆ្នាំចិន យើងឃើញគោមក្រហមតូចធំភ្ជួតាមដងផ្លូវ គេហដ្ឋាននានា ហើយប្រជាជន ប្រទេសយើងទាំងពីរជួបជុំអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ជាមួយគ្នាប្រកបដោយភាពសោមនស្ស សប្បាយរីករាយ។

ឯកឧត្តមសង្ឃឹមជឿជាក់ថា ឆ្លងកាត់ការរៀបចំកម្មវិធីវប្បធម៌ជាបន្តបន្ទាប់នេះ នឹងធ្វើឱ្យប្រជាជនកម្ពុជាចិន កាន់តែយល់គ្នាថែមមួយកម្រិតទៀត ដើម្បីចូលរួមចំណែកធ្វើឱ្យផ្កាមិត្តភាពកម្ពុជាចិនអាចបន្តរីកស្គុសស្គាយតទៅមុខទៀត និងធ្វើយ៉ាងណាឱ្យគ្រប់ពូជនៃផ្កាមួយនេះ បន្តសាបព្រោះបណ្តុះដាំពីមួយជំនាន់ទៅមួយជំនាន់តរៀងទៅ។

ឯកឧត្តមបណ្ឌិតលើកឡើងដូច្នេះថា៖ «វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មិនត្រឹមតែជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាចិនប៉ុណ្ណោះទេ តែក៏ជាកន្លែងផ្លាស់ប្ដូរប្រជាជន និងប្រជាជនដូចរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ បានប្រកាសដាក់ចេញផងដែរ។ កម្មវិធីអបអរសាទរបុណ្យចូលឆ្នាំចិន ដែលរៀបចំឡើងដោយលោកគ្រូ អ្នកគ្រូសិស្សនិស្សិតកម្ពុជាចិន នៅពេលនេះ គឺបានបង្ហាញភាពស៊ីជម្រៅនៃមិត្តភាពកម្ពុជាចិន។ ហើយនៅថ្ងៃទី៤ខែមេសា ខាងមុខនេះ យើងក៏នឹងរៀបពិធីបុណ្យចូលឆ្នាំខ្មែរវិញម្ដង នៅបរិវេណរាជបណ្ឌិត្យសភាកម្ពុជាដើម្បីផ្លាស់ប្តូរវប្បធម៌គ្នាឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ការផ្លាស់ប្ដូរនេះគឺការធ្វើទ្វេទិសគឺមិនធ្វើតែម្ខាងទេ។»

លោក Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា ការរៀបចំពិធីអបអរបុណ្យចូលឆ្នាំចិននេះ គឺជាការបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំង នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីចិននឹងអនុវត្តន៍ឱ្យកាន់តែសកម្មនូវកិច្ចសហប្រតិបត្តិការផ្សេងៗ ជាមួយកម្ពុជាក្រោមក្របខណ្ឌនៃឆ្នាំផ្លាស់ប្ដូរប្រជាជន និងជាជនកម្ពុជាចិន។

លោកបញ្ជាក់ថា ជាបន្តបន្ទាប់ចិននឹងចូលរួមសហការជាមួយកម្ពុជា បង្កើតឱ្យមានកម្មវិធីចម្រុះជាច្រើន ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ហើយរួមគ្នាកសាងសហគមន៍កម្ពុជាចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ក្នុងយុគសម័យថ្មី។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤ ដែលរៀបចំឡើងដោយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា , វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា,សភាពាណិជ្ជកម្មចិននៅកម្ពុជា កាលពីរសៀលថ្ងៃទី២ខែកុម្ភៈនោះ មានរៀបចំឱ្យមានសកម្មភាពជាច្រើនដូចជា៖ ការតាំងពិព័រណ៍សិប្បកម្មចិន , ការសម្តែងរបាំប្រជាប្រិយ ,ការតាំងពិព័រណ៌ម្ហូបអាហារ និងការលេងល្បែងកម្សាន្តជាដើម៕

អត្ថបទ ដោយវិទ្យុមិត្តភាពកម្ពុជាចិន