(ភ្នំពេញ)៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យការដ្ឋានសំណង់ក្រុមហ៊ុន Dingh Sunshine City តាមបណ្តោយផ្លូវលេខ២១១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានឃាត់ខ្លួនកម្មកបរទេស ចំនួន៥៦នាក់ ស្រី៣នាក់។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងថា កម្មករបរទេសទាំងនោះ ពួកគេមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ តែគ្មានសៀវភៅការងារចំនួន៦នាក់។
បន្ទាប់ពីបានឃាត់ខ្លួន កម្លាំងនគរបាលចម្រុះបានដកយកលិខិតឆ្លងចំនួន៦ក្បាល យកមកធ្វើការផាកពិន័យ ដោយនាយកដ្ឋានជនបរទេសជាអ្នកវិនិយោគឯកជន។
សូមជម្រាបថា ក្រុមហ៊ុនសំណង់ Dingh Sunshine City នេះ មានការគោរពច្បាប់ការងារកម្ពុជាបានល្អ ក៏ដូចជាជាគំរូដល់បណ្តាក្រុមហ៊ុនបរទេសឯកជនផ្សេងៗទៀត៕