(ព្រះសីហនុ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីសម្ពោធឱ្យប្រើប្រាស់ និងប្រគល់សួនសុវត្ថិភាពចរាចរណ៍ (ទី២ និងទី៣ ) រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដែលជាការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដែលស្ថិតក្នុងខេត្តព្រះសីហនុ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមមន្ត្រីទីស្នាក់ការកណ្តាល មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ទឹងត្រែង កំពត កែប កំពង់ស្ពឺ កោះកុង សៀមរាប និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណ ១,២០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងថ្លែងអំណរគុណចំពោះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែយកចិត្តទុកដាក់ ក៏ដូចជាអរគុណចំពោះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា លើការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដែលកំពុងអនុវត្តនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប។

ជាមួយគ្នានេះ​លោកស្រី​បានថ្លែងអំណរគុណចំពោះនាយកសាលា និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យទាំងពីរ ដែលបានសហការរៀបចំកម្មវិធីឱ្យមានសួនសុវត្ថិភាពចរាចរណ៍នៅក្នុងបរិវេណសាលារៀន ដើម្បីជាការរំលឹកដល់សិស្សានុសិស្សទាំងអស់ឱ្យមានការចងចាំ ក្នុងការចូលរួមគោរពស្លាកសញ្ញាចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

លោកស្រីក៏បានគូសបញ្ជាក់ពីគុណតម្លៃនៃកម្មវិធីនាពេលនេះ គឺបានបង្ហាញពីសារប្រយោជន៍នៃការយកចិត្តទុកដាក់លើកកម្ពស់សុវត្ថិភាពចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា ប៉ុន្តែយើងអាចទប់ស្កាត់បាន យើងអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជាក់ស្តែង​ បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ភាគច្រើ​ គឺបង្កឡើងដោយមនុស្ស​ មិនគោរពច្បាប់ចរាចរណ៍​ ​ហេតុដូចនេះ​ លោកស្រីបានអំពាវនាវដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានទទួលការយល់ដឹងពីសុវត្ថិភាពចរាចរណ៍នេះហើយ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវធ្វើជាមិត្តអប់រំមិត្ត ផ្សព្វផ្សាយបន្តដល់មិត្តភក្តិ បងប្អូន និងក្រុមគ្រួសារ ដើម្បីជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ​កាកបាទក្រហមកម្ពុជា បានប្រគល់ជូនវិទ្យាល័យនីមួយៗ រួមមាន៖​ រនាំងសុវត្ថិភាពចរាចរណ៍ចំនួន២, ផូស្ទ័រមួកសុវត្ថិភាព ២០០សន្លឹក, បណ្ណប្រកាសមួកសុវត្ថិភាព ២,០០០សន្លឹក, ចំណាំងផ្លាត់៤០០សន្លឹក, មួកសុវត្ថិភាពចំនួន១០​ និងសម្ភារៈសិក្សាចំនួន​ ៥០កញ្ចប់​ សម្រាប់យុវជនប្រើប្រាស់ពេលចុះអប់រំការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជូនមិត្តរួមវិទ្យាល័យ និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ​ បានប្រគល់មួកសុវត្ថិភាពជូនលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ ១០នាក់ និងលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ១០នាក់ផងដែរ។

គួររំលឹកថា​ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញការព្រួយបារម្ភខ្លាំង និងចាត់អាទិភាពក្នុងការដោះស្រាយ និងទប់ស្តាត់ឱ្យមកនូវកម្រិតអប្បបរិមាទាបបំផុត។ ក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បាន​បង្កឱ្យមានមនុស្សស្លាប់​ ១,៥៩០នាក់ (គិតជាមធ្យមក្នុង១ថ្ងៃ មានមនុស្សស្លាប់៥នាក់ និង១៣នាក់ផ្សេងទៀតរបួសធ្ងន់)។ មូលហេតុដែលធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺ បើកបរលើសល្បឿន៤១%,​ មិនគោរពសិទ្ធិអាទិភាព២២%,​ មិនប្រកាន់ស្តាំ៩%,​ ជែងក្នុងស្ថានភាពគ្រោះថ្នាក់៧%,​ បត់មិនប្រយ័ត្ន៩%,​ ស្រវឹង៣%,​ និងងងុយ១%។

ហេតុដូចនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍នាពេលនេះ គឺដើម្បីផ្តល់ចំណេះដឹងដល់យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូ យល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ក្រមសីលធម៌ក្នុងការបើកបរ ចេះគោរពអ្នកដ៏ទៃពេលបើកបរដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងបណ្តុះបណ្តាលយុវជនកាកបាទក្រហមកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអនុវត្តសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា អនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែទូលាយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% នៅចុងឆ្នាំ២០៣០ តាមផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ២០២១-២០៣០៕