(ព្រះសីហនុ)៖ នៅវេលាម៉ោង ៧យប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» ដែលប្រព្រឹត្តទៅនៅឆ្នេរជំទាវម៉ៅ​ (ថ្ម៣ដុំ)​ ខេត្តព្រះសីហនុ ។

ការរៀបចំបោះជំរំនេះ គឺចាប់ពីថ្ងៃទី២ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រី អ្នកស្ម័គ្រចិត្ត នៃទីស្នាក់ការកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជានៃសាខាខេត្តព្រះសីហនុ ស្ទឹងត្រែង កំពត កែប កំពង់ស្ពឺ ខេត្តកោះកុង និងសៀមរាប សរុបចំនួន ២៣៤នាក់។

មានមតិស្វាគមន៍នាឱកាសនោះ លោក គួច ចំរើន បានមានប្រសាសន៍ថា ការបោះជំរំយុវជននាពេលនេះ គឺជាការផ្ដល់ឱកាសឱ្យមានការជួបជុំ ក្នុងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក បណ្ដុះផ្នត់គំនិត ស្មារតី ការចេះចែករំលែក ទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាច្រើនក្នុងការកែប្រែឥរិយាបថ ប្រកបដោយភាពវិជ្ជមាន ដើម្បីក្លាយជាកូនល្អ យុវជនល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ជាពិសេសការធ្វើសកម្មភាពរួមគ្នាជាក្រុម ការងារមនុស្សធម៌ ការងារសង្គម និងបរិស្ថាន ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនលើឆាកជាតិ និងអន្ដរជាតិ។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ពីការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅទូទាំងសាខារាជធានី ខេត្តទាំង២៥ ព្រោះថាកម្លាំងយុវជនកាកបាទក្រហមកម្ពុជា គឺជាកម្លាំងចលករវ័យក្មេងមួយដ៏សំខាន់ក្នុងការជួយដល់មិត្តរួមសាលា និងសហគមន៍ ដែលជួបការលំបាក បញ្ហាប្រឈមសាកល និងករណីមានគ្រោះមហន្តរាយផ្សេងៗ។

ថ្លែងក្នុងឱកាសបើកដំណើរការបោះជំរំនាឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក គួច ចំរើន និងសហការីទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបានបង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់សាខាក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ គ្រោះមហន្តរាយផ្សេងៗ និងវិបត្តិភ័យទាំងឡាយនាពេលកន្លងមក ក៏ដូចជាបានបង្ហាញពីសក្កានុពលរបស់ខេត្តព្រះសីហនុទាំងមូល ក្នុងការទទួលយកការអនុវត្តកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ហើយដែលនេះគឺជាការចែករំលែកនូវចំណេះដឹងយ៉ាងទូលំទូលាយ សម្រាប់យុវជនទាំងអស់ ដែលបានចូលរួមកម្មវិធីនាពេលនេះ។

លោកស្រីបានគូសបញ្ជាក់ពីអត្ថន័យដ៏ធំធេងក្នុងការរៀបចំឱ្យមានការបោះជំរំយុវជន ក្នុងឱកាសនេះគឺបានបង្ហាញពីសមត្ថភាពរបស់សាខាខេត្តព្រះសីហនុ ដែលមានភាពរឹងមាំ និងម្ចាស់ការទៅតាមទិសវិមជ្ឈការ វិសហមជ្ឈការ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់ចុះកាលពីឆ្នាំ២០១០ ស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា។ បន្ថែមពីនេះ ក៏បានបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង ដែលនេះគឺជាការដើរតួជាគំរូសម្រាប់សាខាដទៃទៀត ក្នុងការអភិវឌ្ឍសាខា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍រវាងសាខា និងសាខា។

ជាមួយគ្នានេះ ការបោះជំរំយុវជនលើកទី១នេះ ក៏បានឆ្លុះបញ្ចាំងពីការអនុវត្តឈានមុខគេរបស់សាខាខេត្តព្រះសីហនុ ចំពោះសេចក្តីសម្រេចចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កន្លងទៅ ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីពេលកន្លងទៅផងដែរ។

លោកស្រីបានគូសបញ្ជាក់បន្ថែមថា «បើនិយាយអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាវិញ, ការរៀបចំឱ្យមានការបោះជំរំយុវជននេះ គឺជាការរួមចំណែកលើកកម្ពស់ការងារយុវជន និងអភិវឌ្ឍធនធានមនុស្ស ដែលផ្តោតលើមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាព។ ជំរំយុវជននាពេលនេះ គឺជាឱកាសមួយដែលឱ្យយុវជនអាចផ្លាស់ប្តូរនូវបទពិសោធន៍ ការសាមគ្គីគ្នា យកចិត្តទុកដាក់គិតគូរពីគ្នាទៅវិញទៅមកក្នុងការរស់នៅជាមួយគ្នា និងរៀនសូត្របានអំពីអ្វីដែលជាបច្ចុប្បន្នភាពនៃបញ្ហាប្រឈមក្នុងសកម្មភាពមនុស្សធម៌ ដែលយុវជនកាកបាទក្រហមកម្ពុជា មានភារកិច្ចក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះ»