(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំកិច្ចជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ២០២៤។ ដូចទៅនឹងរៀងរាល់ឆ្នាំ កម្មវិធីនេះជាកិច្ចជំនួបលើកទី១ ក្នុងចំណោមកិច្ចជំនួប៥ដងជាប្រចាំឆ្នាំរបស់សមាគម។ ជំនួបសហគ្រិនវ័យក្មេង (Young Entrepreneurs Gathering) ជាកម្មវិធីជួបជុំពិសេស និងដ៏សំខាន់មួយ សម្រាប់ម្ចាស់អាជីកម្ម ដែលត្រូវបានរៀបចំឡើង សម្រាប់តែសមាជិករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា តែប៉ុណ្ណោះ។

គោលបំណងសំខាន់នៃកិច្ចជំនួបម្ចាស់អាជីវកម្មនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងបណ្តាញគាំទ្រអាជីវកម្មរវាងសមាជិក និងសមាជិក ដែលជាវេទិកាសម្រាប់ចែករំលែកនូវបទពិសោធ បញ្ហាប្រឈម ឬ ដំណោះស្រាយផ្សេងៗ ដែល អាចផ្សារភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើតឱកាសគាំទ្រគ្នាទៅវិញទៅមក។

ជាងនេះទៅទៀតម្ចាស់អាជីវកម្មទទួលបាននូវការចែករំលែក នូវព័ត៌មានស្ដីពីច្បាប់ និងគោលនយោបាយសំខាន់ៗ សម្រាប់អាជីវកម្ម ពីវាគ្មិនពាក់ព័ន្ធជាពិសេសពីរាជរដ្ឋាភិបាល ដែលទាក់ទងនឹងធុរកិច្ចរបស់ពួកគេ។ ក្នុងកិច្ចជំនួបនេះផងដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិករបស់សមាគម ក៏ដូចជាម្ចាស់ឧបត្ថម្ភ ដៃគូអភិវឌ្ឍ និងដៃគូសហការជាច្រើន របស់សមាគមប្រមាណជា១៥០នាក់។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការ ជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបរិយាបន្ន ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានជំនឿរួមមួយថាការជឿនលឿននៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ភាគច្រើនត្រូវពឹងផ្អែកទៅលើអ្នកជំនាញ និងធុរជនវ័យក្មេងជំនាន់ក្រោយ។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផល ដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២៣។ លោកឧកញ៉ាប្រធាន បានគូសបញ្ជាក់បន្ថែមថា «សហគ្រិនវ័យក្មេងមានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលពួកគាត់ត្រូវការលើកទឹកចិត្ត ការគាំទ្រ និងការជ្រោមជ្រែងពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដូច្នេះយើងត្រូវបង្កើត និងបង្កើនកិច្ចអន្តរាគមន៍ ដល់សហគ្រិន សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវតែខ្លាំង និងប្រឹងប្រែងឱ្យបានកាន់តែច្រើនទ្វេដងជាងមុន ត្រូវរកគ្រប់មធ្យោបាយ និងវិធីសាស្ត្រទាំងអស់ ដើម្បីជួយដល់សមាជិកសមាជិការ របស់សមាគម ម្ចាស់សហគ្រាស និងប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រដល់សហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្មនៅកម្ពុជា»

ឧកញ៉ាប្រធានបានអំពាវនាវបន្ថែម ដល់ម្ចាស់សហគ្រាសធំៗ ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បន្តជួយឧបត្ថម្ភគាំទ្រក្នុងភាពជាដៃគូបន្ថែមទៀត ដល់សមាគម ដើម្បីអភិវឌ្ឍសហគ្រិនវ័យក្មេង និងម្ចាស់សហគ្រាស ឲ្យកាន់តែប្រសើរ និងអាចប្រកួតប្រជែងជាមួយធុរកិច្ចក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដើម្បីសេដ្ឋកិច្ចជាតិរបស់យើង និងដើម្បីយើងទាំងអស់គ្នា។

ក្នុងឱកាសនៃកិច្ចជំនួបនេះ សមាគមក៏បានចុះអនុស្សរណៈនៃភាពជាដៃគូ ជាមួយម្ចាស់ឧបត្ថម្ភជាច្រើនរួមមាន Partner Sonsor, National Sponsor, Main Sponsor, Media Sponsor និង Co-Sponsor។
សូមបញ្ជាក់ថា បច្ចុប្បន្នសមាគមមានសមាជិកចំនួនជាង៦០០នាក់ ដែលជាម្ចាស់អាជីវកម្មប្រមាណជា១៨០០ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ដែលមានសាខាតាមខេត្តចំនួន៧ និងបន្តបង្កើតសាខាឲ្យបានគ្រប់ខេត្តត្រឹមឆ្នាំ ២០២៦។

សមាគមមានទិសដៅយុទ្ជសាស្រ្តសសំខាន់ៗចំនួន៦សម្រាប់គាំទ្រសមាជិកដូចជា៖

១៖ បង្កើនលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានធនាគារ និងទុនវិនិយោគដល់សមាជិក។
២៖ ពង្រឹងសមត្ថភាព MSMEs លើជំនាញឌីជីថល អាជីវកម្មបរិយាបន្ន និងនវានុវត្តន៍។
៣៖ ពង្រឹងកម្លាំងពលកម្មជំនាញ និងពង្រឹកទីផ្សារការងារ និងអនាគតទីផ្សារការងារអាស៊ាន។
៤៖ ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយ និងយន្តការនានា ដើម្បីគាំទ្រដល់ SMEs។
៥៖ បង្កើនសហប្រតិបត្តិការអន្តរជាតិ និងទីផ្សារសម្រាប់ពាណិជ្ជកម្ម និងអាជីវកម្មរបស់សមាជិក។
៦៖ បង្កើនសមាជិក ពង្រីកសាខា និងអភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី ដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបសង្កើនផលិតភាព ការបង្កើតការងារការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានចក្ខុវិស័យជួយ ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ដូច្នេះហើយបញ្ហាប្រឈមទាំង៦ ដែលជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ – ២០២៥ នឹងជាផែនទីយុទ្ធសាស្ត្រ សម្រាប់ផែនការប្រតិបត្តិការរបស់សមាគមផងដែរ វាក៏បានផ្តល់ឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា នូវតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពច្នៃប្រឌិត ក្នុងការបម្រើផលប្រយោជន៍ ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងមូល ទាំងអស់នេះគឺជាឱកាសចូលរួមចំណែក ក្នុងបរិយាកាសអាជីវកម្មដែលមានភាពប្រសើរជាងមុន ដោយការអនុវត្តជំនាញជាក់ស្ដែង បទពិសោធ ឥទ្ធិពល និងធនធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា៕