(សៀមរាប)៖ ការបរិច្ចាគឈាមម្តងអាចឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់ខ្លួនងផង ដឹងពីស្ថានភាពឆ្លង ឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកថ្លើម ស្វាយ អេដស៍ ព្រមទាំងជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

អត្ថប្រយោជន៍ដ៏ប្រពៃនេះធ្វើឡើងក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ «ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ» ដែលបានរៀបចំដោយរដ្ឋបាលខេត្តសៀមរាប និងមូលនិធិឈាម នី មុន្នីនាថ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានឱ្យដឹងថា ការបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតមនុស្ស និងមិនប៉ះពាល់សុខភាព ព្រមទាំងមានអត្ថប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិផងដែរ។

លោកវេជ្ជបណ្ឌិតបានបន្តថា «ការបរិច្ចាគឈាមម្តងអាចឱ្យយើងដឹងពីស្ថានភាពសុខភាពរបស់ខ្លួនផង ដឹងពីស្ថានភាពឆ្លង ឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកថ្លើម ស្វាយ អេដស៍ ព្រមទាំងជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយក្រុមការងារធ្វើតេស្តឈាមដោយសម្ងាត់ និងឥតគិតថ្លៃ»

កញ្ញា នី មុនីនាថ បានលើកឡើងថា ការបរិច្ចាគឈាមនេះរៀបចំឡើងក្រោមប្រធានបទ «ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ» ស្របគ្នាទៅនឹងយុទ្ធនាការដំណើរកម្សាន្តក្នុងមហានគរ និងតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប ក្នុងគោលបំណងបំផុសស្មារតីនិយោជិត និយោជក សិល្បករ សិល្បការិនី សិស្ស និស្សិតចូលរួមសកម្មភាពមនុស្សធម៌បែបនេះ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនជាតិនិងអន្តរជាតិដែលធ្វើអំណោយទានសម្រាប់ជីវិត ដោយធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើមី្បលើកកម្ពស់បរិច្ចាគឈាមដោយស្ម័ត្រចិត្ត មិនទទួលកម្រៃ ដោយចូលរួមសង្រ្គោះជីវិតអ្នរងគ្រោះដោយក្តីសប្បុរស។

គួរជម្រាបថា ការបរិចាកឈាមនៅពេលនេះដែរ ទទួលបាន៣៤២ប្លោកពីសប្បុរសជនក្នុងខេត្តសៀមរាប៕